«ខ្ញុំមើលឃើញកូនសិស្សនៅទីនោះលំបាកពេក អញ្ចឹងខ្ញុំក៏បានបេជ្ញាថា សិស្សានុសិស្សនៅខេត្តរតនៈគីរីត្រូវតែមានវាសនាទទួលបានការសិក្សាខ្នាតអន្តរជាតិដូចសិស្ស នៅប្រទេសជប៉ុន អាមេរិកាំង និងភំ្នពេញដែរ» នេះជាសម្តីរបស់លោក ជុំ សន្យា ដែលជាស្ថានិកប្រធានក្រុមប្រឹក្សាភិបាលនិងអគ្គនាយកប្រតិបត្តិ កុលសម្ព័ន្ធអប់រំគ្រុប (Tribal Education Group)។
លោក សន្យា បានឲ្យដឹងថា លោកមានស្រុកកំណើតនៅខេត្តរតនៈគីរី ហើយនៅទីនោះគាត់មិនបានទទួលការអប់រំផ្នែកភាសាបានល្អគ្រប់គ្រាន់នោះទេ ដូចនេះគាត់បានតាំងចិត្តថាថ្ងៃណាមួយគាត់នឹងបើកសាលាភាសានៅស្រុកកំណើតរបស់គាត់ ដើម្បីឲ្យសិស្សនៅទីនោះមានគ្រឹះរឹងមាំសម្រាប់បន្តការសិក្សានៅសាកលវិទ្យាល័យ ក៏ដូចជាការដាក់អាហារូបករណ៍ផ្សេងៗ។
សន្យា បន្តទៀតថា៖ «បើខ្ញុំមិនមកតើមានអ្នកណាខ្លះនៅក្នុងប្រទេសខ្មែរនឹងមកខេត្តរតនៈគីរីដើម្បីផ្តល់វាសនានិងការអប់រំខ្នាតអន្តរជាតិដល់កូនសិស្សនៅទីនេះ ដូច្នេះខ្ញុំសុខចិត្តបោះបង់តំណែង តួនាទីដើម្បីមកជួយកូនសិស្សនៅទីនេះ។»
ដូចនេះហើយនៅថ្ងៃ ទី១២ ខែឧសភា ឆ្នាំ២០១៥ លោក ជុំ សន្យា ដែលជាអតីតនិស្សិតផ្នែកច្បាប់នៅសកលវិទ្យាល័យកម្ពុជា ហើយសព្វថ្ងៃលោកជាបេក្ខជនបណ្ឌិតនៅសាកលវិទ្យាល័យ វ៉ាសេដា (Waseda University) នៅទីក្រុងតូក្យូប្រទេសជប៉ុនផងដែរនោះ បានបើកសម្ភោធន៍សាលាភាសាកុលសម្ព័ន្ធនៅខេត្តរតនៈគីរីជាផ្លូវការ។
គួរបញ្ជាក់ផងដែរថា សន្យា ធ្លាប់ជាសាស្រ្តាចារ្យក៏ដូចជាក្រុមប្រឹក្សាភិបាលនិងជាអនុប្រធានជាន់ខ្ពស់ផ្នែកសិក្សាស្រាវជ្រាវ(Research) នៅក្រុមហ៊ុនឯកជនមួយ។ លោកបានបន្ថែមទៀតថា សាលាភាសាកុលសម្ព័ន្ធ នេះត្រូវបានបង្កើតឡើងដោយខ្លូនលោកនិងដោយសារការជំរុញទឹកចិត្តពីគ្រួសារផ្ទាល់ ហើយក៏មិនបានទទួលជាថវិកាឧបត្ថម្ភពីខាងណាដែរ។
ឆ្លើយតបទៅនឹងសំនួរថា តើសាលាកុលសម្ព័ន្ធនេះបានសំរេចសមិទ្ធិផលអ្វីខ្លះហើយ? លោក ជុំ សន្យា បាននិយាយថា មកដល់ពេលនេះពួកគាត់បានធ្វើឲ្យអាណាព្យាបាលរីករាយនិងមានទំនុកចិត្តលើការអប់រំរបស់ពួកគាត់ជាខ្លាំង។
សន្យា បន្តទាំងរីករាយថា៖ «អ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំង គឺយើងបានបង្កើតការងារឲ្យអ្នកខេត្តនិងអ្នកភំ្នពេញ សរុបជិត៨០នាក់ហើយ»។ លើសពីនេះទៅទៀត បើយោងតាម លោក សន្យា សាលាកុលសម្ព័ន្ធ បានធ្វើឲ្យសិស្សានុសិស្សនៅរតនៈគីរីមានវាសនាទទួលបានការអប់រំខ្នាតអន្តរជាតិ ដែលមិនធ្លាប់មានពីមុនមកនៅទីនោះ។ សន្យាបានបន្ថែមទៀតថា សាលាភាសាកុលសម្ព័ន្ធ ក៏មានការផ្តល់ជាអាហារូបករណ៍ខ្លះៗដល់សិស្សក្រីក្រ ហើយសាលាថែមទាំងមានអាហារូបករណ៍មួយរយភាគរយដល់សិស្សជនជាតិភាគតិច និងសិស្សពួកែផងដែរ។
សំខាន់ជាងនេះទៅទៀត វត្តមានរបស់ សាលាកុលសម្ព័ន្ធ បានជួយសំរួលដល់ការសិក្សារបស់សិស្សយ៉ាងច្រើន ព្រោះកូនសិស្សមិនចាំបាច់ចាកចេញពីខេត្ត ដើម្បីទៅបន្តការសិក្សាភាសាបរទេសនៅភ្នំពេញនោះទេ។
សមិទ្ធផលទាំងនេះមិនមែនបានមកដោយងាយស្រួលនោះទេ ព្រោះ សន្យា បានឲ្យដឹងថា មុនពេលសាលាឈានមកដល់ថ្ងៃនេះ លោកបានជួបប្រទះការលំបាកជាច្រើន ហើយលោកបានប្រាប់ថា៖ «ខ្ញុំមិនចង់និយាយពីផលលំបាកទេ ហេតុផលគឺវាធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកជារាងរាល់យប់»។ លោកបន្តថា ពេលដែលបើកសាលានេះ ដំបូង បុគ្គលិកខ្វះទំនុកចិត្តលើគាត់ «គាត់រកតែរត់ចោលខ្ញុំទេ ហើយនិងសុំឈប់ធ្វើការ នេះដោយសារតែខ្ញុំអត់បាននៅសាលាទៀងទាត់ ហើយរវល់ខ្លាំងណាស់នៅពេលនោះ គេហៅថា សេដ្ឋីរវល់»។
ទោះជាយ៉ាងនេះក្តី សន្យា នៅតែព្យាយាម ដោះស្រាយបញ្ហាទាំងនេះតាមរយៈយុទ្ធសាស្រ្តជាច្រើនដូចជាការប្រើប្រាស់ចិត្តវិទ្យានិងទ្រឹស្តីផ្សេងៗ ការធ្វើជាគំរូល្អដល់បុគ្គលិក។ គាត់បានបញ្ជាក់ថា «ខ្ញុំព្យាយាមធ្វើការងារគ្រប់ផ្នែក ជាឧទាហរណ៍ ខ្ញុំធ្វើជាអ្នកសំអាតផង អ្នករើសសំរាមផង អ្នកទទួលភ្ញៀវផង អ្នកជីកដីផង អ្នកយាមទ្វារផង គ្រូបង្រៀនផង ថា្នក់ដឹកនាំផង ហើយមានច្រើនណាស់ដែលរៀបរាប់មិនអស់ទេ»។
លើសពីនេះទៅទៀត គាត់បានឲ្យដឹងថា គាត់សុខចិត្តដើរតួល្អផងអាក្រក់ផងដើម្បីដោះស្រាយនិងណែនាំបុគ្គលិកដែលមានអត្តចរិតផ្សេងៗគ្នា។
បញ្ហាមួយទៀតដែល សន្យា ជួបប្រទះគឺបញ្ហាថវិកា ព្រោះលោកថា ពេលចាប់ផ្តើមដំបូងគឺជួបបញ្ហាខ្វះមុខខ្វះក្រោយច្រើនណាស់ ដូច្នេះហើយលោកត្រូវតែប្រឺងប្រែងព្យាយាមខ្លាំងណាស់ដើម្បីដោះបំណុល។ សំខាន់ជាងនេះទៅទៀត លោកបន្តថា ពេលសាលាទើបចាប់ដំណើរការនោះ លោកត្រូវចំណាយពេលធ្វើការពី ១៣ទៅ១៦ ម៉ោងក្នុងមួយថ្ងៃ ស្របពេលដែលលោកត្រូវចំណាយពេលបន្ថែម ប៉ុន្មានម៉ោងទៀតដើម្បីសរសេរ និក្ខេបបទ បញ្ចប់ថ្នាក់បណ្ឌិតរបស់គាត់។
ទោះជាជួបប្រទះឧបសគ្គនិងផលលំបាកយ៉ាងណាក៏ដោយ លោក ជុំ សន្យា នៅតែព្យាយាមពុះពាររហូតសំរេចបានសមិទ្ធផលដូចដែលបានរៀបរាប់ខាងលើ។ លើសពីនេះទៅទៀត លោកថែមទាំងមានគំរោង បង្កើតសាកលវិទ្យាល័យដែលផ្តល់ជំនាញកសិកម្មជូនអ្នកខេត្ត និងបង្កើតសាខានៅក្នុងទីរូមខេត្ត ស្ទឹងត្រែង និងមណ្ឌលគីរី ដើម្បីឲ្យបងប្អូនជនជាតិទទួលបានការអប់រំខា្នតអន្តរជាតិដូចអ្នកដទៃ៕
អត្ថបទដោយ៖ ជី បូណ៌មី
Post a Comment