មិនថាមនុស្សប្រុសឬមនុស្សស្រីនោះទេ ភាគច្រើនសុទ្ធតែធ្លាប់ស្គាល់រសជាតិស្រវឹងថាវាពិបាកយ៉ាងដូចម្ដេច ជាពិសេសសម្រាប់យុវវ័យមួយចំនួន។ ពេលកំពុងតែផឹកវាអាចសប្បាយសម្រាប់មនុស្សមួយចំនួន ប៉ុន្តែនៅពេលដែលស្រវឹងជោគជាំវិញ ច្បាស់ជាពិបាកក្នុងខ្លួនប្រាណជាមិនខានព្រោះថាអ្នកមិនអាចគេចផុតពីការក្អួត ឈឺក្បាល រឺវិលមុខ ក្ដៅក្រហល់ក្រហាយនោះទេ។ បែបនេះហើយអ្នកអាចជួយខ្លួនឯងបានដោយអនុវត្តតាមវិធីងាយៗខាងក្រោមនេះដើម្បីជួយឲ្យអ្នកឆាប់ធូរស្រាលបាន៖
១. ពិសារជាតិទឹកឲ្យបានច្រើន
មូលហេតុដែលអ្នកត្រូវពិសារទឹកឲ្យបានច្រើននោះដោយសារតែអ្នកបានបាត់បង់ជាតិទឹកជាច្រើនដែលបង្កដោយជាតិ Alcohol។ ដូចច្នេះហើយអ្នកអាចជ្រើសរើសផឹកទឹកធម្មតា ផឹកទឹកផ្លែឈើ រឺក៏ផឹកទឹកតែខ្ញីរឹតតែល្អ ដើម្បីឲ្យអ្នកឆាប់បានស្វាងពីភាពស្រវឹងស្រា។ ប៉ុន្តែវាមិនមានន័យថាអ្នកអាចផឹកភេសជ្ជៈគ្រប់ប្រភេទនោះទេ។ អ្វីដែលអ្នកមិនត្រូវពិសារនៅពេលស្រវឹងនោះ គឺភេសជ្ជៈប្រភេទណាដែលមានជាតិកាហ្វេអ៊ីនព្រោះវាអាចធ្វើឲ្យបាត់បង់ជាតិទឹកកាន់តែច្រើន។
២. បរិភោគប្រភេទអាហារមួយចំនួន
នៅពេលដែលស្រវឹងបែបនេះអ្នកត្រូវតែហូបអាហារឲ្យបានច្រើន ដើម្បីជួយកាត់បន្ថយភាពស្រវឹងឲ្យបានស្រាកស្រាន្ត។ ក្នុងពេលវេលាពិបាកបែបនេះ អ្វីដែលអ្នកគួរតែធ្វើនោះ គឺបរិភោគស៊ុតឲ្យបានមួយចំនួន ឬក៏សាកពិសារគ្រាប់ធញ្ញជាតិមួយចំនួនបានផងដែរ។ ក្រៅពីនេះអ្នកអាចបរិភោគស៊ុបដែលអាចជួយបង្កើនជាតិ វិតាមីន និងជាតិរ៉ែក្នុងខ្លួនរបស់អ្នកបានផងដែរ ហើយម៉្យាងទៀតអ្នកក៏អាចពិសារប្រភេទអាហារដែលសម្បូរទៅដោយជាតិ ប៉ូតាស្យូមកាន់តែល្អ។
៣. សម្រាកដើម្បីឲ្យឆាប់បានស្វាងពីស្រវឹង
ពេលស្រវឹងម្ដងៗ ទាមទារបំផុតឲ្យមានការសម្រាកដើម្បីឲ្យខួរក្បាល ឬកាយសម្បទានផ្សេងៗដំណើរការបានជាធម្មតាឡើងវិញ។ បែបនេះហើយមានតែការគេងទេ ដែលជាមធ្យោបាយពិសេសបំផុតត្រង់ចំណុចនេះ។ ក្រោកពីគេងមកអ្នកអាចដើរលំហែកាយមួយៗឲ្យបានធូរស្រាលក្នុងខ្លួនប្រាណផងដែរ។ ប៉ុន្តែបើសិនជាអ្នកនៅតែមិនមានអារម្មណ៍ធូរស្រាលពីការស្រវឹងស្រានោះ អ្នកអាចព្យាយាមវិធីមួយផ្សេងទៀតនោះជាការប្រើប្រាស់ថ្នាំមួយចំនួនដែលអាចជួយបន្សាបភាពស្រវឹង។
អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ WikiHow
Post a Comment