មនុស្សស្រីពូកែប្រច័ណ្ឌ ព្រោះនាងស្រលាញ់ ហើយនាងក៏ច្បាស់ជាចង់ឲ្យមនុស្សប្រុសចេះប្រច័ណ្ឌនាងដូចដែលនាងប្រច័ណ្ឌគេអញ្ចឹងដែរ ដើម្បីឲ្យខ្លួននាងសប្បាយចិត្តនឹងការដែលដឹងថា គេក៏យកចិត្តទុកដាក់ ផ្តល់ការចាប់អារម្មណ៍ដល់នាងខ្លាំងដែរ។
បើអ្នកកំពុងតែចង់ឲ្យគូស្នេហ៍របស់អ្នក ងាកមកចាប់អារម្មណ៍នឹងអ្នក ដោយធ្វើឲ្យគេមានអារម្មណ៍ប្រច័ណ្ឌនោះ តោះ! សាកល្បងនូវវិធី១០ចំណុចខាងក្រោម លមើល៍ទៅ៖
Photo credit: Shutterstock |
បើអ្នកកំពុងតែចង់ឲ្យគូស្នេហ៍របស់អ្នក ងាកមកចាប់អារម្មណ៍នឹងអ្នក ដោយធ្វើឲ្យគេមានអារម្មណ៍ប្រច័ណ្ឌនោះ តោះ! សាកល្បងនូវវិធី១០ចំណុចខាងក្រោម លមើល៍ទៅ៖
១. ញ៉ែញ៉ងជាមួយមនុស្សប្រុសដទៃ
គ្មានមនុស្សប្រុសណាដែលអាចទ្រាំមើលមនុស្សស្រីរបស់ខ្លួនទៅញ៉ែញ៉ងជាមួយមនុស្សប្រុសដទៃទៀតទេ ព្រោះសារជាតិមនុស្សប្រុសគឺមិនចង់ឲ្យខ្លួនឯងអន់ និង មិនចង់មានអារម្មណ៍ត្រូវគេយកឈ្នះ។
២. អស់សំណើចនឹងការនិយាយកំបែ្លងរបស់មនុស្សប្រុសផ្សេង
វាមិនចម្លែកទេដែលអ្នកស្តាប់រឿងកំប្លែងហើយអស់សំណើចនោះ ប៉ុន្តែប្រសិនបើមនុស្សប្រុសដែលគិតថាខ្លួនឯងជាមនុស្សពូកែកំប្លែង ប៉ុន្តែបែរជាមិនអាចធ្វើឲ្យអ្នកសើចបាន ផ្ទុយទៅវិញ អ្នកចូលចិត្តនឹងការនិយាយកំប្លែងរបស់មនុស្សប្រុសផ្សេង ហើយសើចកក្អឹកនោះ គេច្បាស់ជាជួយមិនបានក្រៅពីការផ្ទុះកំហឹងឡើយ។
៣. ដើរលេងចូលក្លឹបពេលយប់
គេច្បាស់ជាប្រច័ណ្ឌអ្នក ពេលដែលដឹងថាអ្នកដើរលេងចូលក្លឹបពេលយប់ ទោះបីទៅជាមួយមិត្តភក្តិស្រីៗក៏ដោយ ព្រោះគេជាមនុស្សប្រុស គេដឹងច្បាស់ណាស់ថា នៅក្លឹបពេលយប់មានមនុស្សប្រភេទណាខ្លះ ដូច្នេះប្រសិនបើអ្នកចង់ឲ្យគេប្រច័ណ្ឌ សាកធ្វើខ្លួនឯងឲ្យមើលទៅមិនឃែរ៍ មិនខ្វល់ ដើរលេងសប្បាយទៅមើល៍។
៤. និយាយលក្ខណៈបង្ហើបៗពីមនុស្សប្រុសផ្សេង
ឧទារហណ៍ថា អ្នកនិយាយប្រាប់សង្សាររបស់អ្នកថា៖ “ដារ៉ានៅកន្លែងធ្វើការអូនណា៎ គេ... អើយ គ្មានអីទេ” ច្បាស់ណាស់ថា ការបង្ហើបបន្តិច ហើយបាត់ទៅវិញនេះ ធ្វើឲ្យគេក្តៅស្លឹកត្រចៀកមិនណយឡើយ។
៥. ផ្ញើសារទៅមនុស្សប្រុសដទៃ
ទង្វើនេះច្បាស់ជាធ្វើឲ្យគូស្នេហ៍របស់អ្នកមានការប្រច័ណ្ឌជាខ្លាំង ព្រោះតែគេធ្លាប់តែជាមនុស្សដែលអ្នកផ្ញើសារសួរនាំគ្រប់ពេល និង ពិសេសជាងគេ អញ្ចឹងគេប្រាកដជាមិនសុខចិត្តទេ ដែលសុខៗគេលែងនៅជាប់លំដាប់ថ្នាក់ទីមួយបែបនេះនោះ។
៦. មានមិត្តភក្តិជិតស្និទ្ធជាមនុស្សប្រុស
គេច្បាស់ជាប្រច័ណ្ឌពេលដែលអ្នកមានមិត្តភក្តិជិតស្និទ្ធជាមនុស្សប្រុស ព្រោះមនុស្សភាគច្រើនតែងគិតថា ប្រុសនិងស្រីមិនអាចក្លាយជាមិត្តជិតស្និទ្ធបានឡើយ អញ្ចឹងគេមិនចង់ឲ្យមនុស្សស្រីរបស់គេទៅស្និទ្ធស្នាលនឹងមនុស្សប្រុសដទៃឡើយ ទោះការពិតត្រឹមជាមិត្តភក្តិក៏ដោយ។
៧. រំលឹកដល់ពេលវេលាល្អៗជាមួយសង្សារចាស់
គ្រាន់តែអ្នករំលឹកដល់រឿងដែលអ្នកធ្លាប់ធ្វើជាមួយនឹងសង្សារចាស់របស់អ្នក ថាពេលនោះអ្នកសប្បាយចិត្តប៉ុណ្ណា អ្នកទាំងពីរស្រលាញ់គ្នាខ្លាំងប៉ុណ្ណាទៅ គេច្បាស់ជាប្រច័ណ្ឌហើយ ព្រោះគ្មានមនុស្សប្រុសណាដែលអាចទ្រាំមិនប្រច័ណ្ឌបានទេ ដែលសុខៗអ្នករំលឹកពីមនុស្សប្រុសដែលធ្លាប់ថើបអ្នកឲ្យគេដឹងនោះ។
៨. ធ្វើការដល់យប់ជ្រៅ
ទោះជាគេដឹងថាអ្នកជាប់រវល់ធ្វើការក៏ដោយ ប៉ុន្តែប្រសិនបើជាប់រវល់ធ្វើការដល់យប់ជ្រៅ គេអត់នឹងមិនគិតមិនបានទេថា អ្នកប្រហែលជាជាប់ធ្វើអ្វីខ្លះនៅកន្លែងធ្វើការនោះក៏ថាបាន។
៩. ចាត់ទុកមិត្តភក្តិសំខាន់ជាងសង្សារ
សង្សារសំខាន់ តែពេលខ្លះមិត្តភក្តិអាចថាសំខាន់ជាងទៅតាមពេលវេលា អញ្ចឹងហើយ ប្រសិនបើអ្នកកាន់ជើងមិត្តភក្តិរបស់អ្នក ពេលដែលមិត្តភក្តិអ្នកឈ្លោះជាមួយសង្សារអ្នកនោះ គេមិនត្រឹមតែប្រច័ណ្ឌធម្មតាទេ អាចហៅបានថា ក្តៅក្រហាយតែម្តង។
១០. ទៅពិធីជប់លៀងដោយគ្មានគេ ហើយបង្ហោះរូបភាពរាប់រយសន្លឹក
មនុស្សប្រុសមិនខ្វល់គឺមិនខ្វល់ពិតមែន តែបើខ្វល់ហើយ ចំណុចតូចប៉ុណ្ណាក៏ចាប់កំហុសដែរ ជាពិសេសពេលដែលអ្នកទុកគេចោល មិននាំគេទៅចូលរួមពិធីជប់លៀង ហើយអ្នកថែមទាំងបង្ហោះរូបសប្បាយក្អាកក្អាយជាមួយមិត្តភក្តិនៅកន្លែងជប់លៀងរាប់រយសន្លឹកទៀត៕
អត្ថបទដោយ៖ សន ឆវីវតី
ប្រភព៖ Cosmopolitan
Post a Comment