មនុស្សប្រុសនិងមនុស្សស្រី កើតមកសុទ្ធតែមានអារម្មណ៍ដូចគ្នា ចេះស្រលាញ់ ចេះប្រច័ណ្ឌ ចេះស្អប់ ចេះខឹង។ ចំពោះទំនាក់ទំនងស្នេហាវិញ គេសង្កេតឃើញថា មនុស្សប្រុសច្រើនតែសាវ៉ាជាងមនុស្សស្រី ជាក់ស្តែងពេលរៀបការរួច តើមានមនុស្សប្រុសប៉ុន្មានភាគរយដែលមិនក្បត់ប្រពន្ធលួចមានស្រីនៅខាងក្រៅ??? មិនចាំបាច់និយាយទៅដល់ការរៀបការក៏បាន តែត្រឹមទាក់ទងជាសង្សារគ្នា ក៏មានមិនតិចដែរ ដែលមនុស្សប្រុសមិនស្មោះត្រង់ ច្រើនតែជើងមួយជាន់ទូកពីរបីនោះ។
Photo credit: IBTimes UK |
អញ្ចឹងតើមូលហេតុអ្វីទៅដែលធ្វើឲ្យមនុស្សប្រុសចូលចិត្តក្បត់មនុស្សស្រីម្ល៉េះ?
១. គេជាមនុស្សកុហក
មនុស្សប្រុសរបៀបនេះ កើតមកគឺមិនយកនូវការស្មោះត្រង់មកជាប់ខ្លួនឡើយ ពោលគឺមិន ធ្លាប់មានគំនិតមួយទល់នឹងមួយ។ គេគិតថា ទំនាក់ទំនងស្នេហាមិនចាំបាច់ត្រូវតែទាក់ទងមនុស្សស្រីតែម្នាក់ឡើយ ដូច្នេះគេនឹងរកលេសកុហកគ្រប់បែបយ៉ាង ដើម្បីឲ្យតែបានទាក់ទងមនុស្សស្រីច្រើនក្នុងពេលតែមួយនោះ។
២. គេជាមនុស្សដែលមានគំនិតរាក់កំផែល
ព្រោះតែបែបនេះហើយ ដែលគេគិតថា វាមិនមែនជាបញ្ហាអីទេ ដែលគេទៅលួចមានមនុស្សស្រីផ្សេងទៀត ព្រោះដែលសំខាន់សម្រាប់គេគឺធ្វើយ៉ាងណាកុំឲ្យមនុស្សស្រីទាំងនោះដឹងទៅបានហើយ។ គំនិតដ៏រាក់កំផែលរបស់គេនេះ នឹងធ្វើឲ្យគេស្គាល់អំពីភាពវិនាសនៅពេលដែលសង្សាររបស់គេដឹងអំពីការពិត។
៣. គេលាក់ទុកអារម្មណ៍ខ្ទេចខ្ទាំ
មនុស្សប្រុសប្រភេទនេះ អាចនឹងសម្តែងថារឹងមាំចេញមកក្រៅ ប៉ុន្តែការពិត នៅក្នុងចិត្តរបស់គេ អាចនឹងមានរបួសដែលពិបាកនឹងព្យាបាល។ ដូច្នេះហើយ វាធ្វើឲ្យគេពិបាកជឿជាក់អំពីតម្លៃនៃភាពស្មោះត្រង់នៃស្នេហា ដោយសារតែគេមានអារម្មណ៍រាងចាលរឿងពីមុន។
៤. គេប្រកាន់ហេតុផលមិនសមស្រប
ហេតុផលមិនសមស្របក្នុងការផិតក្បត់របស់មនុស្សប្រុសប្រភេទនេះ ច្រើនតែយកលេសកុហកអ្នកដទៃ និងខ្លួនឯងថា មកពីប្រពន្ធឬសង្សាររបស់ខ្លួនមិនមានពេលអោយខ្លួន ទើបខ្លួនត្រូវទៅរកស្រីដទៃ។
៥. គេមានអារម្មណ៍ធុញទ្រាន់
អាចនិយាយថា វាជារឿងពិតមួយ ដែលមនុស្សប្រុសពេលដែលធុញទ្រាន់ ឬមានអារម្មណ៍អស់កម្លាំងនឹងការងារ ច្រើនតែចង់បានការយកចិត្តទុកដាក់ ឬអ្វីដែលពិសេសសម្រាប់ខ្លួន ដូច្នេះពេលខ្លះគេនឹងជ្រើសរើសយកការមានស្រីខាងក្រៅ ព្រោះតែចង់ភ្លក់នូវអ្វីដែលថ្មី។
៦. គេភ័ន្តច្រលំអំពីស្នេហាពិត
គេអាចប្រហែលជាប្រញាប់ក្នុងការបង្កើតចំណងស្នេហា ទាំងការពិតមិនទាន់ប្រាកដប្រជានៅឡើយថា តើមនុស្សស្រីដែលគេជ្រើសរើសនេះ គឺជាស្នេហាពិតរបស់ខ្លួនឬក៏អត់ ដូច្នេះហើយទើបគេចេះតែស្វែងរកនូវស្នេហាពីស្រីដទៃ ដែលប្រហែលជាធ្វើឲ្យគេមានអារម្មណ៍ទទួលបាននូវស្នេហាពិត។
៧. គេញៀននឹងភាពសាវ៉ា
ពេលដែលសាវ៉ាបានម្តង ទោះបីកែខ្លួនហើយក៏ដោយ ក៏ប្រហែលជាអាចនឹងវិលទៅរកភាពដើមរបស់ខ្លួនវិញ។ ដូច្នេះភាពញៀននៃការសាវ៉ារបស់មនុស្សប្រុស គឺជារឿងដែលពិបាកនឹងកម្ចាត់ខ្លាំងណាស់។
៨. គេចង់បញ្ចប់ទំនាក់ទំនងស្នេហានេះ
មនុស្សប្រុសខ្លះអាចនឹងជ្រើសរើសយកការផិតក្បត់ ដោយលួចលាក់មានស្រីដទៃ ព្រោះតែចង់ឲ្យប្រពន្ធ ឬគូស្នេហ៍របស់ខ្លួនដឹងថា គេពិតជាចង់បញ្ចប់ទំនាក់ទំនងនេះហើយ។
៩. គេខ្វះអ្នកណែនាំកែតម្រូវ
ពេលខ្លះ មនុស្សប្រុសដែលសាវ៉ា អាចនឹងមកពីគេមិនមានមនុស្សនៅជុំវិញខ្លួនដែលស្តីប្រដៅ ឬធ្វើឲ្យគេមានអារម្មណ៍ដឹងកំហុសដែលខ្លួនកំពុងធ្វើ ជាពិសេសថែមទាំងមានសង្សារដែលរវល់ ឬមិនពូកែយកចិត្តទុកដាក់នឹងខ្លួនទៀត គេចៀសមិនបាននឹងជ្រើសរើសយកស្នេហាលួចលាក់ឡើយ៕
អត្ថបទដោយ៖ សន ឆវីវតី
ប្រភព៖ Psychology Today
Post a Comment