បញ្ហានៅក្នុងគ្រួសារ គឺជារឿងមួយដែលពិបាកដោះស្រាយសម្រាប់មនុស្សគ្រប់រូប។ បញ្ហាគ្រួសារនេះ មានផលប៉ះពាល់ខ្លាំងណាស់ ព្រោះថាវាជះឥទ្ធិពលចំពោះសមាជិកគ្រួសារទាំងអស់ដែលរស់នៅជាមួយគ្នាមិនថាតិចឬច្រើននោះទេ។ បែបនេះត្រូវតែប្រយ័ត្ន កុំបង្ករឲ្យបញ្ហាណាមួយកើតឡើងក្នុងគ្រួសារឡើយ ហើយត្រូវធ្វើយ៉ាងណាស្វែងរកធ្យោបាយសមស្របណាមួយដើម្បីបង្វិលស្ថានការណ៍ឲ្យប្រែទៅភាពសុខសាន្តវិញ ដោយកុំបណ្តាលឲ្យមានការប្រេះស្រាំទំនាក់ទំនងរវាងសមាជិកគ្រួសារឲ្យសោះ។
ហេតុដូច្នេះហើយ មនុស្សគ្រប់រូបត្រូវតែដឹងឲ្យច្បាស់ពីវិធីដោះស្រាយវាឲ្យបានច្បាស់ តាមវិធីដូចខាងក្រោម៖
១. រៀបចំពេលវេលាមួយដើម្បីដោះស្រាយរួមគ្នា
ក្នុងចំណុចមួយនេះទាមទារឲ្យមានការដោះស្រាយរួមគ្នានៅក្នុងគ្រូសារ ដោយធ្វើយ៉ាងណាស្វែងរកមធ្យោបាយណាមួយសមស្របសម្រាប់មនុស្សគ្រប់គ្នា។ បញ្ហានៅក្នុងគ្រួសារទាមទារបំផុតក្នុងចូលរួមជួយពិភាក្សាគ្នាដោះស្រាយព្រោះវាមានឥទ្ធិពលលើគ្រប់សមាជិកគ្រួសារបែបនេះហើយវាមិនអាចដោះស្រាយដោយមនុស្សតែម្នាក់បាននោះទេ។ ក្នុងការជួបពិភាក្សារួមគ្នានេះ ត្រូវតែប្រាប់ឲ្យច្បាស់ពីគោលបំណង ហើយមនុស្សម្នាក់ត្រូវតែមានការស្នើរសុំ និងមធ្យាបាយរៀងៗខ្លួនជុំវិញបញ្ហាមួយនោះ។
២. ផ្តោតលើតែបញ្ហាតែមួយ
នៅពេលដែលមានបញ្ហាអ្វីមួយច្បាស់ណាស់ភាគីណាមួយនឹងរំលឹកឡើងនូវបញ្ហាជាច្រើនមកបូករួមបញ្ចូល។ ដើម្បីដោះស្រាយបញ្ហាក្នុងគ្រួសារឲ្យបានជោគជ័យនោះ គួរគប្បីចៀសវាងបំផុតក្នុងការគាស់កកាយបញ្ហាទាំងឡាយមកពាក់ព័ន្ធ ព្រោះថាវានឹងធ្វើឲ្យបញ្ហាដែលចង់ដោះស្រាយនោះរឹតតែមានភាពស្មុគស្មាញថែមទៀត។ ពេលដោះស្រាយត្រូវតែផ្តោតអារម្មណ៍លើបញ្ហាតែមួយគត់ទើបជាការល្អ។
៣. ផ្តល់ឱកាសឲ្យគ្រប់ភាគីពាក់ព័ន្ធលើកឡើងនូវគំនិតរៀងៗខ្លួន
វាគ្មានប្រយោជន៍នោះទេ បើសិនជាមិនទុកឱកាសឲ្យគ្រប់ភាគីពាក់ពន្ធ័ លើកឡើងនូវគំនិតរបស់គេនោះទេ។ ក្នុងការពិភាក្សាស្វែងរកមធ្យាបាយដោះស្រាយបញ្ហានេះ ចាំបាច់បំផុតដែលគ្រប់គ្នាត្រូវតែលើកឡើងនូវការ ចង់បាន តម្រូវការផ្សេងៗ មធ្យោបាយ គំនិត និងការព្រួយបារម្ភរបស់ពួកគេ ព្រមទាំងស្វែងរកការឯកភាពមួយដែលសមស្របសម្រាប់មនុស្សគ្រប់គ្នា។
៤. មិនត្រូវនិយាយកាត់
ដើម្បីទទួលបានការឯកភាពណាមួយ ចាំបាច់ណាស់ត្រូវតែស្ដាប់ម្នាក់ៗលើកឡើងយោបល់តម្រូវការ និងការព្រួយបារម្ភរបស់ខ្លួនដោយមិនត្រូវកាត់សេចក្ដីរបស់អ្នកណាម្នាក់ឡើយ។ ស្ដាប់ដោយយកចិត្តទុកដាក់ជាទីបំផុតទើបជាការល្អ។ ការនិយាយកាត់ណាមួយនោះនឹងធ្វើឲ្យបញ្ហាកាន់តែសាំញ៉ាំ រឺក៏ធ្វើឲ្យភាគីមួយនោះកាន់តែខឹងថែមទៀតផង។
៥. ឲ្យតម្លៃលើគំនិតរបស់ភាគីនីមួយៗ
ត្រង់ចំណុចមួយនេះ ទាមទារជាដាច់ខាតនូវការឲ្យតម្លៃលើរាល់គំនិតយោបល់ដែលបានលើកឡើង ទោះបីជាគំនិតមួយនោះខុសផ្ទុយស្រឡះពីគំនិតរបស់អ្នកក៏ដោយ។ ការធ្វើបែបនេះធ្វើឲ្យភាគីដែលពាក់ពន្ធ័មានអារម្មណ៍ថាគេមានតម្លៃនៅក្នុងគ្រួសារមួយនោះ។ ការចេះឲ្យតម្លៃគ្នាទៅវិញទៅមកនេះគឺជាការប្រសើរណាស់សម្រាប់សុភមង្គលក្នុងគ្រួសារ។
៦. សម្រេចមធ្យោបាយរួមគ្នា
បន្ទាប់ពីគ្រប់គ្នាបានលើកឡើងនូវគំនិត សេចក្ដីត្រូវការ ការព្រួយបារម្ភរៀងៗខ្លួនរួចហើយនោះ ឈានចូលដល់ដំណាក់កាលសម្រេចចិត្តលើមធ្យាបាយដោះស្រាយបញ្ហារួមគ្នាមួយដោយត្រូវធ្វើការសម្របសម្រួល ពិចារណាលើយោបល់ទាំងអស់និងព្យាយាមស្វែងរកចំណុចកណ្ដាលមួយដែលគ្រប់គ្នាឯកភាពនិងពេញចិត្តនឹងមធ្យោបាយមួយនោះ។
៧. ស្វែងរកជំនួយពីខាងក្រៅ
បើសិនជាដំណាក់កាលទី៦មិនដំណើរការនោះទេ អ្វីដែលត្រូវនោះគឺត្រូវតែស្វែងរកជំនួយពីខាងក្រៅ ដោយមិនត្រូវបណ្តែតបណ្តោយទុកបញ្ហាចោលនោះទេ។ អ្នកអាចស្វែងរកអ្នកជំនាញមកជួយពិភាក្សា ឬផ្ដល់ដំបូន្មានល្អៗសម្រាប់ដោះស្រាយវិបត្តិក្នុងគ្រួសាររបស់អ្នកដោយមិនត្រូវខ្មាស់អៀននោះទេ ដើម្បីសុភមង្គលក្នុងគ្រួសារ៕
ប្រភព៖ WikiHow
អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ WikiHow
អត្ថបទដោយ៖ ប៉ោ គឹមហុក
Post a Comment