គេសង្កេតឃើញតាមផ្ទះសម្បែង ឬហាងទំនិញជាច្រើន ចាប់ផ្តើមដាក់តាំងរូបគោមធ្វើពីផ្លែល្ពៅ និងទីងមោងជាដើម ដើម្បីត្រៀមប្រារព្ធបុណ្យមួយដែលមានដើមកំណើតពីប្រទេសលោកខាងលិច ដែលហៅថាពិធីបុណ្យហាឡូវីន (Halloween)។ បើតាមជំនឿ រៀលរាល់ឆ្នាំថ្ងៃទី៣១ ខែតុលា គឺជាថ្ងៃដែលជនជាតិ ខេល (Celt) ដែលជាជនជាតិភាគតិចមួយនៅកោះ Ireland ចាត់ទុកថាជាថ្ងៃចុងបញ្ចប់នៃរដូវក្តៅ ហើយថ្ងៃបន្ទាប់មក គឺជាថ្ងៃទី១ វិច្ឆិកា គឺជាថ្ងៃចូលឆ្នាំថ្មី។
ចុងខែតុលា ជនជាតិខេល មានជំនឿថា ជាថ្ងៃដែលពិភពរបស់មនុស្សស្លាប់ និងមនុស្សរស់តភ្ជាប់គ្នា ហើយវិញ្ញាណរបស់អ្នក ដែលបាត់បង់ជីវិតក្នុងឆ្នាំកន្លងមក នឹងដើររករាងកាយរបស់មនុស្សរស់ ដើម្បីចូលសណ្ឋិតក្នុងគោលបំណងមានជីវិតរស់ម្តងទៀត។
ការនាំភាពក្តៅក្រហាយមកដល់មនុស្សរស់ ធ្វើឲ្យពួកគេរិះរកគ្រប់មធ្យោបាយ កុំឲ្យខ្មោចចូលមកសណ្ឋិតនៅក្នុងខ្លួន។ ជនជាតិខេល ក៏នាំគ្នាបិទភ្លើងគ្រប់ប្រភេទនៅក្នុងផ្ទះ ដើម្បីឲ្យអាកាសធាតុប្រែជារងាត្រជាក់ ដែលមិនមែនជាទីប៉ងប្រាថ្នានៃពពួកខ្មោចឡើយ។ ក្រៅពីនេះពួកគេនៅនាំគ្នាតែងខ្លួនចម្លែកៗ ដើម្បីបន្លំខ្លួនធ្វើជាខ្មោច និងបន្លឺសំឡេងលាន់អឹងកង ដើម្បីឲ្យខ្មោចពិតប្រាកដភ័យខ្លាច ហើយរត់គេចខ្លួនទៅវិញ។
អីចឹងហើយបានជារៀងរាល់ឆ្នាំ នៅមុនថ្ងៃទី៣១ តុលាដែលជាថ្ងៃប្រារព្ធពិធីនេះមកដល់ មានការរៀបចំព្រឹត្តិការណ៍ប្លែកៗជាច្រើន ដូចជានៅតាមកន្លែងកម្សាន្ត មានការតុបតែងជារូបព្រាយបិសាចឬមេធ្មប់ផ្សេងៗ ការដាក់តាំងរូបគោមធ្វើពីផ្លែល្ពៅ នៅមុខផ្ទះនិងការលែងល្បែង Trick or Treat ពីសំណាក់ក្មេងៗជាដើម។
ទន្ទឹមនឹងនេះមនុស្សមួយចំនួន បាននាំគ្នាពាក់របាំងមុខ ជារូបបិសាចឬតុបតែងខ្លួនជាខ្មោចឆៅទៀតផង ដើម្បីបញ្ចៀសឧបទ្រពចង្រៃ៕
Post a Comment