ភាពឯកាឬឯកោ គឺជាអារម្មណ៍មួយដែលតែងតែរំខាន សម្រាប់មនុស្សមួយចំនួន ហើយវានឹងជះឥទ្ធិពលកាន់តែខ្លាំង បើសិនជាយើងនៅតែព្រងើយកន្តើយមិនព្រមដោះស្រាយវាឲ្យបានឆាប់រហ័ស។ មានហេតុផលមួយចំនួនដែលធ្វើឲ្យមនុស្សមានអារម្មណ៍ថាឯកោ អ្នកខ្លះដោយសារតែនៅម្នាក់ឯង ចំណែកឯអ្នកផ្សេងទៀតក៏អាចមានអារម្មណ៍នេះកើតឡើងបានផងដែរ ទោះបីជាគេមានមនុស្សនៅជុំវិញខ្លួនក៏ដោយ ជាពិសេសនៅពេលដែលគេយល់ឃើញថាខ្វះការយកចិត្តទុកដាក់ពីអ្នកដទៃ។ បែបនេះហើយបើសិនជាអ្នកចង់កម្ចាត់ភាពឯកោនេះឲ្យចេញឆ្ងាយពីជីវិតរបស់អ្នកនោះ អ្នកត្រូវតែធ្វើតាមវិធីសំខាន់ទាំង៣ខាងក្រោមខាងនេះ៖
១. ស្វែងយល់ពីអារម្មណ៍ឯកោរបស់អ្នក
ជំហានដំបូងដែលត្រូវធ្វើនោះគឺថា ត្រូវតែស្វែងយល់ឲ្យបានច្បាស់នូវហេតុផលដែលបណ្ដាលឲ្យអ្នកមានអារម្មណ៍ឯកោ។ ព្រោះថាមនុស្សមួយចំនួនឯកោដោយសារតែពួកគេនៅម្នាក់ឯង ឯអ្នកផ្សេងទៀត ដោយសារតែការខ្វះយកចិត្តទុកដាក់ពីអ្នកនៅជុំវិញខ្លួន។ បន្ទាប់ពីដឹងច្បាស់ពីមូលហេតុហើយនោះ ការអង្គុយស្មឹងស្មាធ ប្រមូលស្មារតីឲ្យស្ងប់ក៏អាចជួយឲ្យអ្នកមានអារម្មណ៍ធូរស្បើយបានច្រើនផងដែរ លើសពីនេះវាថែមទាំងធ្វើឲ្យអ្នកមានសុខភាពល្អផ្លូវកាយទៀតផង។ ពេលខ្លះបើសិនជាអ្នកមិនអាចដោះស្រាយវាដោយខ្លួនឯងនោះទេ អ្នកត្រូវតែស្វែងរកការពិគ្រោះយោបល់ពីអ្នកជំនាញខាងផ្លូវអារម្មណ៍ដោយមិនត្រូវបណ្ដែតបណ្ដោយមិនខ្វល់ខ្វាយនោះទេ។
២. ព្យាយាមធ្វើឲ្យខ្លួនឯងសប្បាយចិត្ត
នៅពេលដែលអ្នកមានអារម្មណ៍ឯកានោះ អ្នកមិនត្រូវនៅម្នាក់ឯងនោះទេ។ អ្នកត្រូវចាំថា អ្នកមានគ្រួសារ មិត្តភក្តិនិងមនុស្សជាច្រើនទៀតនៅជុំវិញខ្លួនអ្នក។ បែបនេះហើយអ្នកគួរតែនិយាយប្រាប់ពួកគេពីអារម្មណ៍អ្នកឲ្យពួកគេបានដឹង ដើម្បីឲ្យមានភាពធូរស្បើយក្នុងខ្លួន។ ក្រៅពីនេះអ្នកក៏អាចធ្វើសកម្មភាពមួយចំនួន ដើម្បីកម្ចាត់អារម្មណ៍ឯកាបានដែរ ដោយអ្នកអាចធ្វើការហាត់ប្រាណ លេងកីឡាដែលអ្នកចូលចិត្ត ឬអានសៀវភៅដើម្បីឲ្យខ្លួនឯងសប្បាយចិត្ត។ ផ្សេងពីនេះអ្នកគួរតែព្យាយាមចេញក្រៅឲ្យបានច្រើន ដោយមិនត្រូវនៅផ្ទះម្នាក់ឯងរហូតនោះទេ។ អ្នកអាចទៅមើលកុន ណាត់ជួបជាមួយមិត្តភក្តិញ៉ាំអាហារជាមួយគ្នា ឬចូលរួមក្នុងកិច្ចការសង្គមមួយចំនួនដើម្បីធ្វើឲ្យខ្លួនអ្នកសប្បាយចិត្ត។ អ្នកក៏អាចចិញ្ចឹមសត្វដែលអ្នកចូលចិត្តដើម្បីកំដរបានផងដែរ។ សត្វឆ្កែ សត្វឆ្មា សត្វសេកនិងសត្វមួយចំនួនទៀតសុទ្ធតែជាសត្វដែលមានភាពវៃឆ្លាត។ ពួកវានឹងធ្វើឲ្យអ្នកសប្បាយចិត្ត។
៣. ព្យាយាមភ្ជាប់ទំនាក់ទំនង
ភាគច្រើននៃអារម្មណ៍ឯកោ គឺកើតឡើងដោយសារតែការនៅម្នាក់ឯងដោយខ្វះការ ទាក់ទងជាមួយមនុស្សផ្សេងទៀត និងសង្គមខាងក្រៅ។ ដូច្នេះអ្វីដែលត្រូវធ្វើយ៉ាងចាំបាច់នោះត្រូវតែព្យាយាមធ្វើយ៉ាងណាបង្កើតមិត្តភក្តិនិងទំនាក់ទំនងឲ្យបានច្រើន។ អ្នកអាចចូលរួមក្នុងក្រុមកីឡា សកម្មភាពសង្គមនិងសកម្មភាពផ្សេងៗទៀតដែលមានការប្រាស្រ័យទាក់ទងគ្នាច្រើន។ តែការរាប់អានមិត្តភក្តិថ្មីសម្រាប់មនុស្សមួយចំនួនពិតជាពិបាកណាស់ជាពិសេសសម្រាប់មនុស្សដែលខ្វះភាពក្លាហាន បែបនេះអ្នកត្រូវមានភាពក្លាហានក្នុងការបង្កើតទំនាក់ទំនងជាមួយមនុស្សដទៃ ដោយមិនត្រូវរង់ចាំនោះទេ។ វិធីកាន់តែងាយស្រួលជាងនេះទៅទៀត នោះគឺព្យាយាមនៅជាមួយសមាជិកគ្រួសាររបស់អ្នកឲ្យបានច្រើន ព្រោះថាមានតែគ្រួសារនោះទេដែលស្គាល់ពីអ្នកបានច្បាស់ជាងមនុស្សផ្សេងៗ។ ក្រៅពីនេះអ្នកក៏អាចចូលទៅក្នុងបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗដូចជា Facebook, Line, Instagramជាដើម។
អត្ថបទដោយ៖ ប៉ោ គីមហុក
ប្រភពអត្ថបទ៖ Wikihow
Post a Comment