វាសឹងតែក្លាយជារឿងធម្មតាទៅហើយដែល សង្គមបច្ចុប្បន្ននេះ កំពុងជួបប្រទះនឹងវិបត្តិឲ្យលុយគេខ្ចីហើយកើតទុក្ខតាមក្រោយ។ ពេលដែលគេមកខ្ចីលុយ យើងជាស្តេច តែបន្ទាប់ពីនោះ យើងនឹងក្លាយជាទាសករវិញម្តង ព្រោះអ្នកប្រាកដណាស់នឹងជួបបញ្ហាក្នុងការបានលុយដែលអ្នកឲ្យគេខ្ចីនោះត្រលប់មកវិញលឿន និង តាមចិត្តចង់ណាស់ ហើយពេលខ្លះវិញ អាចនឹងត្រូវស៊ីដាច់បាត់ក៏ថាបាន។
Photo catpion: WikiHow |
វិធីទាំង៥ខាងក្រោមនេះ គ្រាន់តែជាការសម្រួលដល់វិធីសាស្រ្តក្នុងការទារបំណុលឲ្យមានប្រសិទ្ធភាពប៉ុណ្ណោះ ៖
1. រៀបចំនិងត្រៀមខ្លួនជាស្រេចក្នុងការទារលុយ
អ្នកដែលជំពាក់លុយនេះ មិនថាមិត្តភក្តិឬបងប្អូនសាច់ញាតិទេ ច្រើនតែបំភ្លេចពាក្យរបស់ពួកគេ ។ កុំបារម្ភអំពីអ្វីដែលពួកគេគិតឬនិយាយអំពីអ្នក។ ការពិតនោះគឺថាអ្នកបានជួយពួកគេដោយការផ្តល់ប្រាក់ឲ្យខ្ចីពេលពួកគេមានការលំបាក ហើយពួកគេបានទទួលយកផលប្រយោជន៍ពីអ្នក។ អ្នកត្រូវតែត្រៀមខ្លួនរួចជាស្រេចក្នុងការខឹងធ្វើចិត្តឲ្យខឹងនឹងពួកគេឲ្យបាន។ ត្រូវតាំងចិត្តថា បន្ទាប់ពីអ្នកចេញប្រតិបត្តិការទារលុយពីពួកគេរួច ពួកគេច្បាស់ជាខឹងឬអន់ចិត្តនឹងអ្នក ។
2. រំលឹកពួកគេអំពីបំណុល
រំលឹកពួកគេអំពីពេលដែលពួកគេបានសួរខ្ចីប្រាក់ រំលឹកអំពីពាក្យសន្យារបស់ពួកគេ រំលឹកពីកាលបរិច្ឆេទដែលពួកគេអះអាងថានឹងសង។ល។ ពួកគេច្បាស់ជាព្យាយាមរកឱកាសនិយាយសុំលើកពេល ឬសុំបែបនេះបែបនោះជាមិនខាន។ ដូច្នេះអ្នកត្រូវចាំថា កុំទុកឱកាសឲ្យពួកគេបានកេងចំណេញផលប្រយោជន៍ពីអ្នកបន្តទៅទៀត។ ត្រូវតែនិយាយដោយដាច់ណាត់នូវកាលបរិច្ឆេទច្បាស់លាស់ និង ឲ្យពួកគេចុះហត្ថលេខាលើក្រដាសកិច្ចសន្យាត្រឹមត្រូវ ប្រសិនបើចង់លើកពេល។
3. ផ្ញើលិខិត
ការផ្ញើលិខិតនេះអាចជួយសម្រួលដល់អ្នកបានមួយកម្រិតដែរ ប្រសិនបើអ្នកមានការពិបាកក្នុងការនិយាយដោយផ្ទាល់មាត់ជាមួយកូនបំណុលរបស់អ្នក។ ត្រូវចាំថា ក្នុងលិខិតត្រូវតែសរសេរបញ្ជាក់អំពីចំនួនទឹកលុយ និង កាលបរិច្ឆេទដែលពួកគេត្រូវតែចាំបាច់សងប្រាក់មកអ្នក។ បង្ហាញពីក្តីរំពឹងទុករបស់អ្នកទៅលើការសងលុយរបស់ពួកគេឲ្យកាន់តែខ្លាំងក្លាឡើង ដើម្បីធ្វើឲ្យពួកគេមានអារម្មណ៍រអៀសចិត្ត។
4. ប្រសិនបើវិធីខាងលើទាំងអស់បរាជ័យ ត្រូវតែរកមេធាវីដើម្បីសរសេរលិខិត (ចំពោះចំនួនលុយដែលឲ្យគេខ្ចីច្រើន)
វាជាជម្រើសដែលត្រូវតែធ្វើ ប្រសិនបើអ្នកបានសាកល្បងវិធីទាំងអស់ខាងលើហើយ ប៉ុន្តែអតីតមិត្តភក្តិ ឬសាច់ញាតិរបស់អ្នក ដែលពេលនេះប្រែជាកូនបំណុលរបស់អ្នក នៅតែធ្វើមិនដឹងមិនលឺទៀត។ អ្នកត្រូវយកលិខិតដែលអ្នកធ្លាប់បានផ្ញើទៅកាន់កូនបំណុលរបស់អ្នកឲ្យមេធាវីអ្នកមើល ហើយឲ្យគាត់សរសេរឡើងវិញដោយពាក្យរបស់គាត់។ ការជួលមេធាវីក៏ត្រូវតែគិតឲ្យល្អិតល្អន់ដែរ ព្រោះដើម្បីឲ្យសមនឹងតម្លៃនៃប្រាក់ដែលអ្នកឲ្យកូនបំណុលអ្នកខ្ចី។
5. ឡើងតុលាការ
វិធីនេះជាវិធីចុងក្រោយហើយ ដែលមានន័យថា អ្នកអស់ជម្រើសក្នុងការទារលុយពីកូនបំណុលដែលធ្លាប់ជាមិត្តភក្តិ ឬសាច់ញាតិនោះទៀតហើយ។ វាជាការល្អម្យ៉ាងក្នុងការបង្ហាញប្រាប់កូនបំណុលអ្នកថា អ្នកមិនបានលេងសើចទេ តែអ្នកម៉ឺងម៉ាត់និងប្រាកដប្រជាចំពោះលុយប៉ុណ្ណា។ ពេលឃើញដីកាតុលាការបែបនេះ ចង់ឬមិនចង់ ក៏ពួកគេត្រូវតែសងដោយមិនអាចគេចវេះបានទៀតទេ។
អត្ថបទដោយ៖ សន ឆវីវតី
ប្រភពអត្ថបទ៖ Wealth Pilgrim
Post a Comment