អ្នកទាំងអស់គ្នាប្រាកដជាដឹងច្បាស់ហើយ អ្នកស្រី Hillary Rodham Clinton គឺជាបេក្ខជនប្រធានាធិបតីម្នាក់នៃសហរដ្ឋអាមេរិក។ ក្រៅពីនេះ អ្នកស្រីក៏ជាអ្នកនយោបាយដ៏ឆ្នើមម្នាក់ ព្រមទាំងជាភរិយារបស់អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton។ បច្ចុប្បន្ន អ្នកស្រីកំពុងប្រកួតប្រជែងជាមួយមហាសេដ្ឋីអាមេរិក លោក Donald Trump ដើម្បីយកដំណែងជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក។
សៀវភៅនេះត្រូវបាននិពន្ធដោយលោក Carl Bernstein ដែលជាអ្នកកាសែតជើងចាស់ដ៏ឆ្នើមមួយរូបរបស់អាមេរិក។ នៅខ្ទង់ឆ្នាំ១៩៧០ លោក Carl Bernstein និង លោក Bob Woodward បានធ្វើការស៊ើបអង្កេតទៅលើរឿងក្ដីចោរកម្មនៅ Watergate ដែលមានពាក់ព័ន្ធជាមួយនឹងអតីតប្រធានាធិបតីអាមេរិកលោក Richard Nixon។
ដើម្បីបានសរសេររឿងនេះ លោកBernstein បានសម្ភាសន៍ជាមួយមនុស្សជាច្រើនដែលស្គាល់ និងធ្លាប់ធ្វើការជាមួយនឹងអ្នកស្រី Hillary Clinton ព្រមទាំងដកស្រង់ចេញពីសៀវភៅដែលទាក់ទងផ្សេងៗផង។
សៀវភៅនេះនឹងបកស្រាយអំពីជីវិតពិតរបស់ អ្នកស្រីHillary Clinton តាំងពីគាត់នៅតូច និងដំណើរជីវិតរបស់គាត់ជាអ្នកនយោបាយ ភរិយាប្រធានាធិបតី ការលំបាកដែលគាត់ធ្លាប់ជួបក្នុងជីវិត និងទស្សនៈទាំងល្អ និងអាក្រក់ដែលអ្នកដទៃមានមកលើគាត់ក្នុងឆាកនយោបាយអាមេរិក៕
អត្ថបទដោយ៖ គុណវុឌ្ឍ មុនីកញ្ចនា
Post a Comment