Photo credit: Zee news |
តោះ! មកមើលប្រភេទមនុស្សប្រុសដែលស្រីៗគួរប្រុងប្រយ័ត្នកុំយកខ្លួនទៅពាក់ព័ន្ធទាំងអស់គ្នា៖
១. មនុស្សញៀនគ្រឿងស្រវឹង
មនុស្សប្រុសពេលដែលផឹកស្រា ភាគច្រើនគឺបាត់បង់ម្ចាស់ការ។ ប្រសិនបើមិនចង់ឲ្យជីវិតអ្នកទៅថ្ងៃមុខជួបនូវអំពើហិង្សា ត្រូវប្តីវាយដំទេ កុំយកខ្លួនទៅពាក់ព័ន្ធនឹងមនុស្សប្រុសប្រភេទនេះល្អជាង។
២. មនុស្សស្ថិតក្រោមបង្គាប់ម៉ែឪ
ន័យនេះមិនមែនចង់ថាមិនឲ្យស្រលាញ់ ស្តាប់បង្គាប់ម្តាយឪពុកនោះឡើយ។ ការស្ថិតនៅក្រោមបង្គាប់ម៉ែឪក្នុងន័យនេះ គឺចង់សំដៅទៅលើមនុស្សប្រុសនោះបាត់បង់នូវការសម្រេចចិត្តដោយឯករាជ្យសម្រាប់ជីវិតរបស់ខ្លួនឯង ព្រោះត្រូវម្តាយឪពុកគ្រប់គ្រង និង ត្រួសត្រាយផ្លូវជីវិតឲ្យគ្រប់យ៉ាង។
៣. មនុស្សហ៊ឺហា
មនុស្សហ៊ឺហាបញ្ជាក់ថា ជាមនុស្សសម្ភារៈនិយម។ មនុស្សប្រុសប្រភេទនេះមិនឲ្យតម្លៃទៅលើភាពស្រស់ស្អាតខាងក្នុងរបស់មនុស្សស្រីឡើយ ច្រើនតែសម្លឹងឃើញភាពឡូយឆាយជាត្រីមុខប៉ុណ្ណោះឯង។
៤. មនុស្សដែលតែងតែដាច់យ៉ៃ
មិនមែនមនុស្សស្រីសម្លឹងឃើញលុយជាធំនោះទេ ប៉ុន្តែបើដាច់យ៉ៃ អត់លុយក្នុងខ្លួនរាល់តែថ្ងៃពេក ក៏ជាបញ្ហាចោទត្រូវយកមកពិចារណាដែរ។ មនុស្សស្រីទាំងឡាយដែលនៅក្បែរមនុស្សប្រុសប្រភេទនេះ ត្រៀមខ្លួនត្រៀមកាយធ្វើចិត្តឲ្យបានថា អ្នកមិនមែនជាព្រះនាងម្ចាស់ដែលគេនឹងចេញលុយប៉ាវញ៉ាំបាយឬមើលកុនទេ ផ្ទុយទៅវិញ ខាងស្រីត្រូវចេញខ្លួនឯងហើយនៅចេញឲ្យខាងប្រុសទៀតក៏ថាបានដែរ។
៥. មនុស្សដែលចូលចិត្តតែពិធីជប់លៀងសប្បាយខ្លាំង
មនុស្សណាក៏ចូលចិត្តភាពសប្បាយដែរ ប៉ុន្តែការសប្បាយដែលហួសព្រំដែន វានឹងបង្ហាញឲ្យឃើញថា មនុស្សប្រុសប្រភេទនេះ នឹងក្លាយជាដំបៅដួងចិត្តដល់មនុស្សស្រីទៅថ្ងៃមុខ។ គេមិនអាចចោលពិធីជប់លៀងរបស់គេដើម្បីយើងបានទេ អញ្ចឹងក៏មានន័យថា យើងមិនមែនជាចំណែកសំខាន់គ្រប់គ្រាន់ក្នុងចិត្តគេដែរ។
៦. មនុស្សដែលធ្វើអ្វីតាមចំណង់ខ្លួនឯង
ការធ្វើអ្វីតាមចំណង់ខ្លួនឯងនេះ គឺជារឿងមួយដែលគួរឲ្យខ្លាច និង គួរឲ្យប្រុងប្រយ័ត្នបំផុត ព្រោះថាបើស្រួលមិនស្រួល អ្នកអាចធ្លាក់ក្នុងឧបាយរបស់មនុស្សប្រភេទនេះ ហើយគេនឹងធ្វើអ្វីគ្រប់យ៉ាងតាមតែចំណង់របស់ខ្លួន ដោយមិនបានគិតទៅលើស្នេហានោះឡើយ។
៧. មនុស្សដែលតាមស្អិត
មនុស្សប្រុសតាមស្អិតក៏ជារឿងមួយដែលល្អដែរ ព្រោះវាបង្ហាញថាគេយកចិត្តទុកដាក់នឹងយើងប៉ុណ្ណា ប៉ុន្តែទាស់ត្រង់ថា ភាពតាមស្អិតហួសកំណត់នេះ អាចនឹងធ្វើឲ្យសេរីភាពនៃជីវិតរបស់មនុស្សស្រីត្រូវបាត់បង់ ហើយក៏អាចធ្វើឲ្យធុញទ្រាន់ផងដែរ។
៨. មនុស្សដែលធ្លាប់ក្បត់ស្នេហា
ធ្លាប់លឺទេពាក្យដែលគេច្រើនតែនិយាយថា ឆ្កែកន្ទុយខ្វៀន នៅតែខ្វៀន។ ជឿទៅ មនុស្សប្រុសដែលធ្លាប់មានប្រវត្តិក្បត់ស្នេហាហើយ ភាគច្រើនគឺនៅតែមិនចោលចរិតអញ្ចឹង ព្រោះគេអាចក្បត់អ្នកមុនបាន រឿងអីដែលគេមិនអាចក្បត់អ្នកបាននោះ៕
អត្ថបទដោយ៖ សន ឆវីវតី
ប្រភពអត្ថបទ៖ YouthChhlart
Post a Comment