ជាទូទៅ ទោះបីជានៅក្នុងថ្នាក់ នៅពេលប្រជុំ ឬ ក្នុងវេទិកាពិភាក្សាណាមួយ មនុស្សភាគច្រើនមិនថាគេ ឬយើងនោះទេ គឺតែងតែចង់លើកដៃឆ្លើយសំនួរផ្សេងៗ ឬ បញ្ចេញយោបល់ដែលខ្លួនមានទៅកាន់មនុស្សជុំវិញខ្លួន។ អ្នកខ្លះមានភាពក្លាហាន និងមានទំនុកចិត្តនៅក្នុងការងើបឈរដើម្បីឆ្លើយនូវសំនួរ ឬលើកដៃដើម្បីចែករំលែកនូវគំនិត ឬ ទស្សនៈផ្សេងៗដែលខ្លួនមាន ។ ប៉ុន្តែអ្នកខ្លះវិញ បើទោះបីជាពួកគេមានគំនិតយោបល់ច្រើន ហើយល្អយ៉ាងណាក៏ដោយ ក៏មិនហ៊ានបញ្ចេញដែរ។ មិនហ៊ានបញ្ចេញដោយសារតែ មិនទុកចិត្តនឹងអ្វីដែលខ្លួនឯងមាន ខ្លាចឆ្លើយខុសហើយខ្មាស’គេ ហើយមួយវិញទៀត ខ្លាចមតិដែលខ្លួនឯងមានអត់សមស្របជាមួយមតិភាគច្រើន។
កន្លងមក បន្ទាប់ពីបានធ្វើការសង្កេត ស្រាវជ្រាវ និងធ្វើតេស្តដោយផ្ទាល់នៅក្នុងស្ថានភាពជាក់ស្តែង មួយចំនួន សូមក្រឡេកមកមើលវិធីសាស្រ្តមួយខ្លះៗដែលអាចជួយបង្កើនទំនុកចិត្តនៅពេលដែលអ្នកចង់បញ្ចេញនូវគំនិត ឬ មតិយោបល់ដែលខ្លួនមានទៅកាន់សារធារណជន :
១. ចាំបាច់ត្រូវរៀបចំ និង ដឹងពីអ្វីដែលអ្នកចង់និយាយអោយបានច្បាស់លាស់
ពាក្យចាស់ពោលថា «គិតមុនគូរ» សូមចំនាយពេលរបស់អ្នកបន្តិចដើម្បីគិតពីអ្វីដែលអ្នកចង់និយាយ រួចហើយសរសេរចុះគោលៗពីអ្វីដែលមាននៅក្នុងការគិតរបស់អ្នក។ ធ្វើដូចនេះ អាចធ្វើអោយមានភាពងាយស្រួលនៅពេលដែលអ្នកធ្វើការចែករំលែកគំនិតយោបល់។ ម្យ៉ាងទៀត អ្នកក៏អាចកាត់បន្ថយការភ្លេចភ្លាំង ដែលកើតមានដោយសារតែភាពភ័យខ្លាច ក្នុងអំឡុងពេលដែលអ្នកកំពុងតែបញ្ចេញមតិទៅកាន់អ្នកនៅជុំវិញខ្លួន ដោយសារតែអ្នកបានសរសេរចុះមុនរួចទៅហើយ។
២. ធ្វើជាអ្នកដំបូងគេដែលហ៊ានចែករំលែកយោបល់ដែលខ្លូនមាន
នៅពេលដែលអ្នកហ៊ានលើកដៃ ដើម្បីបញ្ចេញគំនិតមុនគេភាពភ័យខ្លាចមួយចំនួនធំត្រួវបានកាត់ បន្ថយ។ ជាអ្នកដំបូង អ្នកមានឱកាសចែករំលែកច្រើននូវអ្វីដែលអ្នកមាន ហើយអ្នកក៏មិនចាំបាច់ព្រួយបារម្ភនូវចម្លើយដែលស្រដៀងគ្នាជាមួយអ្នកផ្សេងៗ។ ម្យ៉ាងទៀត បើទោះជាចម្លើយដែលអ្នកបានផ្តល់នោះខុស ឬត្រួវយ៉ាងណា ក៏អ្នកបានបង្ហាញចេញនូវភាពក្លាហានដែលអ្នកមានមុនគេរួចមកហើយ។
៣. ត្រូវមានភាពជឿជាក់លើមតិ ឬយោបល់ដែលខ្លួនមាន
មិនថានៅក្នុងស្ថានភាពបែបណា មនុស្សម្នាក់ៗតែងតែមានការគិតខុសៗគ្នា ក្នុងនោះមានពេលខ្លះគេត្រូវ ពេលខ្លះយើងត្រូវ។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកត្រូវតែមានភាពជឿជាក់ទៅលើអ្វីដែលខ្លូនមាន ជាពិសេសសមត្ថភាពរបស់អ្នកផ្ទាល់ខ្លួន។ សូមកុំអនុញ្ញាតអោយយោបល់របស់អ្នកមុន រារាំងឬប៉ះពាល់ដល់ការបញ្ចេញយោបល់របស់អ្នកអោយសោះ ដោយក្នុងនោះត្រូវឈរលើទស្សនៈ ឬគំនិតរបស់អ្នកអោយបាននឹងធឹង។
៤. អោយតម្លៃ ទៅលើគំនិតយោបល់របស់អ្នកផ្ទាល់
ចំនុចសំខាន់បំផុតដែលអ្នកត្រួវតែចងចាំ គឺតម្លៃរបស់មនុស្សម្នាក់ស្ថិតនៅលើ ទំហំប៉ុនណាដែលបុគ្គលរូបនោះអោយតម្លៃទៅលើខ្លួនឯង។ ដូចនេះ រាល់មតិយោបល់ដែលអ្នកបានធ្វើការចែករំលែកទាំងអស់សុទ្ធតែមានតម្លៃ បើទោះបីជាពេលខ្លះអ្នកដទៃយល់ស្រប ឬមិនយល់ស្របក៏ដោយ។
អត្ថបទដោយ: ព្រឿន បញ្ញារី
Post a Comment