ការនិយមមេកអាប់ក្រាស់ៗអាចមិនមែនជាទំនោរថ្មីសម្រាប់យុវវ័យដូចជាអ្នកទេមែនទេ?
អញ្ចឹងធ្វើយ៉ាងណាដើម្បីឲ្យមើលទៅស្រស់ស្អាតទាក់ទាញ ដោយធម្មជាតិពេញមួយតួខ្លួន ដោយមិនបាច់ប្រើម្សៅក្រាស់ៗនោះ លោកអ្នកគួរតែអានវិធីសាស្ត្រនេះហើយសាកល្បងអនុវត្តទាំងអស់គ្នាណា។
១. ចំណាយពេល៥នាទីរាល់ព្រឹក និង យប់ដើម្បីស្បែករបស់អ្នក
រយៈពេល៥នាទីនេះ លោកអ្នកគួរសម្អាតស្បែកមុខ និង ខ្លួនរបស់អ្នកជារៀងរាល់ថ្ងៃ លាបគ្រីមសម្រាប់ពេលថ្ងៃ និង យប់ ជាពិសេសកន្លែងដែលងាយបង្កនូវភាពជ្រីវជ្រួញដល់ស្បែក។
២. ងូតទឹកជាប្រចាំរាល់ថ្ងៃ
វិធីនេះគឺជួយលោកអ្នកឲ្យទទួលនូវអារម្មណ៍ស្រស់ស្រាយ កម្ចាត់ក្លិនមិនល្អ និងមានអារម្មណ៍ថាស្អាតពីក្បាលដល់ចុងជើង។
៣. តំរឹមសក់ជាប្រចាំ កាត់ក្រចកឲ្យមានប្រវែងសមរម្យ កោររោមលើដងខ្លួនកន្លែងដែលលោកអ្នកមិនចង់បាន និងដើម្បីឲ្យស្បែកមានភាពរលោង
អនាម័យផ្នែកខាងក្រៅខ្លួនទាំងនេះពិតជាកត្តាដែលខ្វះមិនបាននោះទេ វានឹងធ្វើឲ្យខ្លួនប្រាណរបស់អ្នកទាំងមូលមើលទៅរៀបរយនិងមានអនាម័យ។
៤. ប្រើប្រាស់ផលិតផលកម្ចាត់ក្លិនក្លៀក ឬដងខ្លួនមុនចេញក្រៅ
បញ្ហាក្លិនក្លៀកជាបញ្ហាគួរឲ្យព្រួយបារម្ភ។ បើអ្នកមិនទុកចិត្តថា តើក្លិនក្លៀករបស់អ្នកនឹងសាយភាយចេញមកពេលណា អញ្ចឹងគួរតែប្រើផលិតផលការពារជាមុនជាការប្រសើរ។
៥. ថែរក្សាធ្មេញ
ដុសសម្អាតធ្មេញពីរដងក្នុងមួយថ្ងៃ និងខ្ពុរមាត់ជារៀងរាល់យប់ នឹងការពារបញ្ហាក្លិនមាត់ ក៏ដូចជាការពារធ្មេញរបស់អ្នកផងដែរ។
៦. ធ្វើលំហាត់ប្រាណ
រក្សារូបរាងរបស់អ្នកដោយការធ្វើលំហាត់ប្រាណរាល់ថ្ងៃ ឬសប្តាហ៍។ ធ្វើបែបនេះជាទៀងទាត់ មិនចាំបាច់ភ័យរឿងឡើងគីឡូនោះឡើយ។
៧. ប្រើប្រាស់គ្រឿងសម្អាងតិចតួច
ផាត់មុខតិចៗដើម្បីបង្កើនសម្រស់ធម្មជាតិរបស់អ្នក។ ប្រើផលិតផលដើម្បីបិទបាំងស្នាមលើផ្ទៃមុខរបស់អ្នក លាបក្រែមតិចៗជាការស្រេច។
៨. លេងស្តាយ៍ម៉ូដសក់
លេងស្តាយ៍ម៉ូតសក់ ក្រង ទំលាក់ចុះ ចងបែបរលុងៗ កាត់ម៉ូតសក់ថ្មី ទាំងអស់នេះសុទ្ធសឹងជាមធ្យោបាយជួយឲ្យអ្នកបង្កើនមន្តស្នេហ៍បែបធម្មជាតិច្រើនបំផុត។
៩. ការស្លៀកពាក់
ស្លៀកសម្លៀកបំពាក់ដែលត្រូវនឹងទម្រង់ដងខ្លួន និង ស៊ីនឹងពណ៌ស្បែក។
១០. ញញឹមឲ្យបានច្រើនបំផុត
ស្នាមញញឹមជាការទាក់ទាញមួយដែលខ្វះមិនបាន ដូច្នេះញញឹមកាន់តែច្រើន មនុស្សក៏កាន់តែចាប់អារម្មណ៍អ្នកច្រើនដែរ។
១១. រៀបចំឥរិយាបថ
ឈរ និង អង្គុយឲ្យត្រុង់ដែលវាជួយឲ្យមើលទៅអ្នកមានដងខ្លួនស្អាត និង ទាក់ទាញ។
អត្ថបទដោយ៖ ជិន ស្រីលាភ
ប្រភពអត្ថបទ៖ wikihow
Post a Comment