ការបកស្រាយតាមបែបវិទ្យាសាស្រ្តខាងក្រោមនេះ នឹងស្រាយចម្ងល់របស់អ្នកទាំងអស់គ្នា។
យើងមើលទៅមេឃឃើញថាវាពណ៌ខៀវ ដោយសារតែការប៉ះទង្គិចម្យ៉ាងរវាងម៉ូលេគុលក្នុងបរិយាកាសផែនដីនិងពន្លឺព្រះអាទិត្យ។
ពន្លឺព្រះអាទិត្យដែលជះមកលើភពយើងបង្កឡើងពីរលកដែលមានប្រេកង់ (ចំនួនរលកក្នុងមួយវិនាទី) ផ្សេងៗ ដែលរលកខ្លះយើងមើលទៅឃើញជាពណ៌។ រលកទាំងអស់នេះ គេហៅថាកម្រិតវិទ្យុសកម្មអេឡិចត្រូម៉ាញេទិច (Electromagnetic Radiation Spectrum)។ សម្រាប់រលកដែលយើងមើលឃើញ ពណ៌របស់វាអាស្រ័យទៅលើប្រេកង់របស់វា។ រលកដូចជាអ៊ុលត្រា UV និងពណ៌ខៀវមានប្រេកង់ខ្ពស់ ចំណែកឯរលកដូចជាពណ៌ក្រហម និងលឿងមានប្រេកង់ទាប។ រលកពណ៌ទាំងនេះពេលផ្គុំចូលគ្នា យើងមើលទៅឃើញពណ៌ស។
តារាងកម្រិតវិទ្យុសកម្មអេឡិចត្រូម៉ាញេទិច (Credit: Environmental Health and Safety)
ទីតាំងរេទីននិងកោសិការួសនឹងពន្លឺ (Credit: ក្រសួងអប់រំយុវជននិងកីឡា)
នៅពេលរលកនីមួយៗធ្វើដំណើរក្នុងបរិយាកាសភពផែនដី វាមានការប៉ះទង្គិចជាមួយម៉ូលេគុលអុកសុីសែននិងនីត្រូសែនក្នុងខ្យល់។ រលកដែលមានប្រេកង់ខ្ពស់ មានប្រវែងខ្លី ដូច្នេះរលកបែបនេះងាយស្រួលប៉ះទង្គិចជាមួយម៉ូលេគុលតូចៗទាំងនោះ។ បាតុភូតនេះមានឈ្មោះថា Rayleigh Scattering។ លោក John William Strutt ដែលបានឈ្នុះពានរង្វាន់ណូបែលសនិ្តភាពសម្រាប់ការស្រាវជ្រាវរកឃើញធាតុគីមីអាកុង (Ar) បានរកឃើញរលកពណ៌ខៀវអាចមានការប៉ះទង្គិចជាមួយម៉ូលេគុល ១៦ដង លើសរលកពណ៌ក្រហម។ នៅពេលដែលប៉ះទង្គិចគ្នា រលកពណ៌ខៀវបែកចេញពីរលកដទៃទៀត ខ្ចាត់ខ្ចាយពេញមេឃ រួចចូលមកក្នុងក្រសែភ្នែករបស់យើង។ ហេតុដូចនេះហើយទើបយើងមើលទៅមេឃឃើញវាជាពណ៌ខៀវ។ រលកអ៊ុលត្រា UV មានការប៉ះទង្គិចច្រើនជាងរលកពណ៌ខៀវទៅទៀត ប៉ុន្តែភ្នែករបស់យើងមិនអាចមើលឃើញកាំរស្មីអ៊ុលត្រា UVបាន។ សត្វឃ្មុំ និងបក្សីខ្លះអាចមើលឃើញកាំរស្មីអ៊ុលត្រា UVបាន។
ការប៉ះទង្គិចនេះក៏ជាមូលហេតុដែលយើងមើលព្រះអាទិត្យរះនិងលិចឃើញពណ៌ទឺកក្រូចផងដែរ។ នៅពេលនោះ ពន្លឺព្រះអាទិត្យត្រូវធ្វើដំណើរឆ្លងកាត់បរិយាកាសផែនដីកាន់តែក្រាស់ ហើយរលកខ្លីនិងមធ្យមទាំងឡាយភាគច្រើនត្រូវបានខ្ចាត់ខ្ចាយទៅបាត់ នៅសល់តែរលកវែងដូចជារលកពណ៌ក្រហមនិងទឹកក្រូចទេដែលនៅសល់ចំពោះមុខភ្នែកយើង។
អត្ថបទស្រាវជ្រាវដោយ៖ ហេង សុរីតា
Post a Comment