ធ្លាប់ទេ នៅពេលដែលជួបមនុស្សដែលអ្នកធ្លាប់ស្គាល់ប៉ុន្តែមិនសូវជាជិតដិតនឹងគ្នា ម្តងៗក្រៅពីនិយាយសួស្តីទៅកាន់គ្នាហើយមានអារម្មណ៍ថាអៀនៗអត់ដឹងនិយាយអីទៀតក្រៅពីញញឹមដាក់គេហើយដើរចេញ? នៅពេលជួបគេម្តងៗ មានអារម្មណ៍ថាអ្វីៗក្នុងខួរក្បាលបាត់ទៅ ណាអស់ និយាយអ្វីអត់ចេញដូចគេបញ្ជាអញ្ចឹង។ យ៉ាងណាមិញ គ្មានអ្វីដែលកែមិនបានទេ ជាមួយចំណុចមួយចំនួនខាងក្រោមអាចជួយសំរួលបញ្ហានេះបាន៖
១. ចាំទុកព្រឹត្តិការណ៍ដែលអាចធ្វើអោយមនុស្សសើច
ចងចាំពីរឿងដែលមនុស្សសើចជាប្រចាំទុកសំរាប់ជាអាវុធពេលជួបអ្នកផ្សេងៗ។ ជាពិសេសនៅ ក្នុងកម្មវិធី ជប់លៀង ឬការណាត់ជួបអ្នកដែលយើងមិនសូវជិតដិត យើងអាចលើកយករឿងទាំងនោះ មកកំដរបរិយាកាសបាន ហើយវាអាចធ្វើអោយគេចូលចិត្តយើងទៀតផង។
២. លើកយករឿងពីមុនមកនិយាយ
ជំនួសពីការសួរសុខទុក្ខគេហើយគាំងរករឿងនិយាយមិនឃើញនោះ សួរគេពីការចងចាំនូវរឿងល្អៗដែលធ្លាប់មានជាមួយគ្នាពីមុនមក ។ វិធីនេះអាចនឹងជួយអោយយើងមានរឿងនិយាយច្រើនឡើងៗ។
៣. បង្កើតចម្ងល់និងតែងតែចង់ដឹងចំណេះថ្មីៗ
វិធីមួយដើម្បីទៅនិយាយជាមួយគេគឺបង្កើតសំណួរមួយចំនួនដែលទាក់ទងទៅនឹងចំណេះផ្សេងៗ ដែលយើងគិតថាម្នាក់នោះ អាចនឹងឆ្លើយសំណួររបស់យើងបាន។ បើចំចំណុចគេ កំុភ័យរឿងគេមិននិយាយរក ភាគច្រើនគេចូលចិត្តអោយយើងសូរគេពីវាទៅវិញទេ។
៤. ប្រកាន់លើជំហរខ្លួនឯង
ជីវិតរស់បានមិនយូរទេ ដូច្នេះស្រលាញ់និងទទួលយកអ្វី ដែលខ្លួនមាននិងជឿជាក់លើខ្លួនឯង។ កំុខំប្រឹងធ្វើចរិតដែលគិតថាគេចូលចិត្ត ហើយក្បត់នឹងខ្លួនឯង។ បើគេចូលចិត្តនិយាយជាមួយយើង បានន័យថាគេក៏ទទួលយកចរិតពិតបានដែរ ជាជាងគេស្អប់ពេលក្រោយបើគេដឹងថាយើងនៅមុខគេដូច្នេះនៅក្រោយគេដូច្នោះ។
៥. ចងចាំឈ្មោះរបស់គេ
វាងាយស្រួលនឹឹងចាំមុខគេជាងឈ្មោះ ដូច្នេះពេលយើងអាចចាំឈ្មោះគេបាននោះ គេនឹងរីករាយហើយចង់និយាយរកយើងថែមទៀត ព្រោះការចង់ចាំនេះអាចនឹងធ្វើអោយគេមានអារម្មណ៍ពិសេស។
៦. និយាយបែបនិទានរឿង
ជាជាងនិយាយពីរឿងការងារស្មុគស្មាញដែលអោយមនុស្សមួយចំនួនមានអារម្មណ៍ថាហត់ រករឿងណាជារបៀបនិទានដែលមានសាច់រឿងស្រដៀងខ្លួន ឬអ្នកដែលយើងនិយាយជាមួយ។ មនុស្សចូលចិត្តស្តាប់រឿងបែបនេះជាង ពីព្រោះពួកគេចំណាយពេលនៅកន្លែងធ្វើការហត់ណាស់ហើយ។
៧. បង្កើនការចាប់អារម្មណ៍ពេលណែនាំខ្លួន
កំុណែនាំតែឈ្មោះខ្លួន ប៉ុន្តែទាក់ទាញអារម្មណ៍គេមកលើយើង ដូចជាសរសើរពីសំលៀកបំពាក់ មុខមាត់ពីនេះពីនោះ ដែលអាចធ្វើអោយគេមានអារម្មណ៍ហើយអាចនឹងចាប់ផ្តើមការសន្ទនាទៅ លើអ្វីដែលយើងសរសើរលើទៀតផង ដូចជាម៉ូតកាបូប សំលៀកបំពាក់ជាដើម ។ល។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
Post a Comment