វីដេអូឯកសារខ្លីចំនួន៨រឿង ក្រោមគម្រោងសិក្សាមួយដែលមានឈ្មោះថា Project 3 ដែលជាស្នាដៃផលិតរបស់ក្រុមនិស្សិតកម្ពុជា ឌីអ៊ឹមស៊ី ជំនាន់ទី១៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងធ្វើការចាក់បញ្ចាំងនៅថ្ងៃអង្គារ ទី ២០ ខែធ្នូ ឆ្នាំ ២០១៦ វេលាម៉ោង ៥:៣០ នាទី ល្ងាច។ សិស្សនិស្សិត និងសាធារណជនទូទៅ ទាំងអស់ អាចអញ្ជើញមកចូលរួមទស្សនាដោយមិនគិតថ្លៃ ។
ការចាក់បញ្ចាំងវីដេអូឯកសារ Project 3 នេះក៏ត្រូវបានធ្វើឡើងស្របពេលនឹងការប្រារព្ធអបអរខួប ១៥ ឆ្នាំនៃការបង្កើតដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ ផងដែរ។
បើតាមសេចក្តីប្រកាសរបស់ ដេប៉ាតឺម៉ង់មួយនេះ ក៏បានឱ្យដឹងផងដែរថា ខ្សែភាពយន្តឯកសារទាំង៨នេះ ត្រូវបានផលិត និងសម្រិតសម្រាំង ដោយ ក្រុមនិស្សិតថ្នាក់គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយជំនាន់ទី១៣ របស់ DMC ក្រោមការឧបត្ថម្ភពីសំណាក់ទីភ្នាក់ងារអភិវឌ្ឍអាល្លឺម៉ង់(GIZ)និងសេវាកម្មស៊ីវិលសន្តិភាពអ៊ឺរ៉ុប(ZFD) ។
គម្រោងមួយនេះ ផ្តោតទៅលើកម្រងសាច់រឿងដែលមិនសូវទទួលបាន ការផ្តោតយកចិត្តទុកដាក់ រាប់ចាប់តាំងពីជីវិតរស់នៅរបស់មនុស្សមានទេពកោសល្យក្នុងមជ្ឈឹមវ័យ ដែលខ្សែជីវិតត្រូវឆ្លងចូលមកកាន់បរិបទជីវិតសម័យទំនើប ការរស់នៅរបស់អតីតទាហានខ្មែរក្រហម ហានិភ័យនៃនិរន្តភាពរបស់សម្បត្តិវប្បធម៌បេតិកភ័ណ្ឌ ក្តីសង្ឃឹមថ្មីផ្នែកអប់រំនិងវិទ្យាសាស្រ្តរបស់ប្រទេសកម្ពុជា។
ចំណងជើងភាពយន្តឯកសារទាំង៨ រួមមាន រឿង« ស្លឹករឹត ជីវិតខ្ញុំ» រឿង «ក្របីបាត់» រឿង «ដីថ្មី» រឿង «ម៉កដេត» រឿង «បង្កើតថ្មីដើម្បីថ្ងៃស្អែក» រឿង «មិនមែនសម្រាប់លក់» រឿង «អំបិលល្វីង» និង រឿង «បុរសប៉ាណូ»។ ក្រៅពីនេះក៏មានការសម្តែងល្ខោន និងចម្រៀង ពីសំណាក់តារាល្បីៗ ផងដែរ។
សម្រាប់ពត៌មានបន្ថែមទាក់ទងនឹងកម្មវិធី លោកអ្នកអាចចូលស្វែងរក និងសាកសួរបានក្នុងទំព័របណ្តាញសង្គមផ្លូវការ Project 3 នៅខាងក្រោមនេះ
https://www.facebook.com/DMCProject3/?fref=ts
អត្ថបទដោយ៖ ចន ច័ន្ទបូតា
ប្រភព ៖ Department of Media and Communication
Post a Comment