ស្នេហាមួយទម្រាំតែកើតឡើងបាន មិនមែនជាការងាយស្រួលនោះទេ។ សាកក្រឡេកទៅគិតរឿងរ៉ាវពីដំបូង ដែលអ្នកទាំងពីរចាប់ផ្តើមកាន់ដៃគ្នា សម្រេចចិត្តដើរលើផ្លូវដែលមានវត្តមានគ្នានិងគ្នា ថាតើលំបាកប៉ុណ្ណា និងឆ្លងកាត់នូវឧបសគ្គយ៉ាងណាខ្លះ។ មនុស្សមួយចំនួនអាចនឹងភ្លេចខ្លួន បណ្តោយធ្វើតាមចិត្តខ្លួនឯង រហូតដល់ស្នេហាដែលធ្លាប់តែស្រស់បំព្រង ក្លាយជាប្រេះឆាបន្តិចម្តងៗ រហូតដល់ពេលមួយដែលមិនអាចស្រោចស្រង់បាន។
បើសិនជាអ្នកមិនចង់ឲ្យស្នេហារបស់អ្នកប្រេះឆាដោយការតាំងចិត្តក្តី និង មិនតាំងចិត្តក្តី ចូរឈប់ធ្វើនូវរឿងទាំងនេះទៅ៖
១. ព្យាយាមធ្វើឲ្យគេប្រចណ្ឌគ្រប់ពេល
ការប្រចណ្ឌកើតឡើងព្រោះតែស្រលាញ់ ហេតុនេះហើយបានជាធ្វើឲ្យអ្នកខ្លះគិតថា ការធ្វើឲ្យគូស្នេហ៍ប្រចណ្ឌ នឹងធ្វើឲ្យគេកាន់តែស្រលាញ់ខ្លួន។ កុំគិតបែបនេះឲ្យសោះ! ព្រោះថាកាលណាដែលអ្នកធ្វើឲ្យគេមានអារម្មណ៍ថាប្រចណ្ឌច្រើនពេក ក្តីស្រលាញ់ក៏នឹងរលាយបាត់នៅថ្ងៃណាមួយដែរ ព្រោះតែគេមិនអាចទ្រាំឲ្យចិត្តខ្លួនឯងឈឺចាប់ច្រើនជាងនេះ។
២. លេងសង្រ្គាមផ្លូវចិត្ត
មិនមែនការបញ្ចេញអាកប្បកិរិយាសោះអង្គើយ តោះតើយ ដើម្បីរង់ចាំមើលថា តើគេនឹងមកចុះញ៉មជាមួយអ្នក នឹងធ្វើឲ្យស្នេហារបស់អ្នកល្អឡើងនោះទេ វាមានតែធ្វើឲ្យភាពប្រេះឆាកាន់តែប្រេះធំទៅៗទៅវិញទេ។
៣. សម្តែងការមិនពេញចិត្តទៅកាន់មិត្តភក្តិរបស់គេ
បើទោះជាអ្នកចូលចិត្តឬមិនចូលចិត្តមិត្តភក្តិរបស់គូស្នេហ៍អ្នកក្តី គួរតែកុំបញ្ចេញនូវភាពមិនពេញចិត្ត ឬមិនស្វាគមន៍ទៅកាន់ពួកគេ ព្រោះវានឹងធ្វើឲ្យគូស្នេហ៍អ្នកមានសម្ពាធ ពិបាកនឹងទុកអ្នកណាចោលអ្នកណា ពេលនោះឯង ស្នេហារបស់អ្នកក៏នឹងចាប់ផ្តើមរង្គោះរង្គើដែរ។
៤. ប្រកាន់ខ្ជាប់នូវគំនិតខ្លួនឯងជាធំ
ការដែលអ្នកជាមនុស្សឯករាជ្យ គិតថាគំនិតរបស់ខ្លួនឯងត្រូវ នឹងធ្វើឲ្យដៃគូរបស់អ្នកចាប់ផ្តើមមានអារម្មណ៍ថាមិនស្រណុកចិត្តពេលនិយាយជាមួយអ្នក ព្រោះគ្រប់ពេល អ្នកតែងតែចង់ឈ្នះ និង ចង់ឲ្យគេសម្របតាមអ្នកគ្រប់ពេល។
៥. យករឿងអាក្រក់របស់គេមកគំរាមគេ
កុំព្រោះតែឈ្លោះគ្នា ហើយធ្វើឲ្យអ្នកគិតថា នឹងយករឿងអាក្រក់របស់គេមកនិយាយគំរាមគេ ដើម្បីឲ្យគេជាអ្នកដែលត្រូវតែចាញ់ និង និយាយពាក្យសុំទោសទៅកាន់អ្នកឲ្យសោះ ព្រោះថាបន្ទាប់ពីនោះ ទោះបីជាអ្នកទាំងពីរសម្របសម្រួលគ្នាហើយក្តី អារម្មណ៍ដែលអ្នកគំរាមគេនៅតែដិតដាមចាប់ក្នុងខួរក្បាលគេជានិច្ច។
៦. រិះគន់ផ្លូវជីវិតរបស់គេច្រើនហួសហេតុពេក
មនុស្សតែងតែផ្លូវជីវិតខុសគ្នា ការដែលអ្នកទៅនិយាយអញ្ចេះអញ្ចុះ ពីផ្លូវជីវិតរបស់គូស្នេហ៍របស់អ្នក វាច្បាស់ជាធ្វើឲ្យគេមានអារម្មណ៍ទើសទាល់ បើទោះជាអ្នកមានបំណងល្អជាមួយគេក្តី។
៧. មិនគាំទ្រការសម្រេចចិត្តនិងគោលដៅរបស់គេ
ជាធម្មតា មនុស្សត្រូវការការលើកទឹកចិត្តនិងការគាំទ្រ ដូច្នេះប្រសិនបើអ្នកដែលជាគូស្នេហ៍ មិនទាំងគាំទ្រនូវការសម្រេចចិត្តនិងលើកទឹកចិត្តឲ្យគេពុះពារទៅរកគោលដៅរបស់គេផង គ្មានហេតុផលអីដែលគូស្នេហ៍របស់អ្នកចាំបាច់ត្រូវតែផ្លាស់ប្តូរដើម្បីអ្នកនោះទេ។
៨. មិនខ្វល់នឹងរឿងកំប៉ិកកំប៉ុកដែលគេធ្វើដើម្បីអ្នក
ពេលខ្លះអ្នកមិនចាប់អារម្មណ៍ទេថា គូស្នេហ៍របស់អ្នកបានធ្វើរឿងច្រើនប៉ុណ្ណាដើម្បីអ្នក អ្នកមើលឃើញតែរឿងធំៗដែលគេភ្លេចឬមិនបានធ្វើ ដូចជាកាដូថ្ងៃកំណើត កាដូថ្ងៃពិសេសនានា ទាំងដែលការពិត មានរឿងតូចតាចជាច្រើនដែលគេធ្វើដើម្បីអ្នក ប៉ុន្តែត្រូវបានអ្នកបំភ្លេចចោល។ ដូច្នោះហើយ ទឹកចិត្តមនុស្សមានធំប៉ុណ្ណា ក៏មិនអាចទ្រាំទ្រនូវការព្រងើយកន្តើយបែបនេះបានដែរ។
៩. រអ៊ូរទាំនិងទាមទារគ្រប់ពេល
ពេលជួបគ្នា មានតែរឿងធុញថប់ស្មុគស្មាញនិយាយជាមួយគ្នា ហើយថែមទាំងទាមទារចង់ឲ្យគេធ្វើនេះធ្វើនោះដើម្បីអ្នក ឬធ្វើអ្វីដែលអ្នកចង់បាន។ ហេតុផលនេះហើយ ស្នេហារបស់អ្នកទោះសាងមកជួបរឿងលំបាកច្រើនប៉ុណ្ណា ក៏ត្រូវតែរលាយដូចអំបិលត្រូវទឹកដែរ។
អត្ថបទដោយ៖ សន ឆវីវតី
ប្រភពអត្ថបទ៖ Relationship Rules
Post a Comment