ពាក់វ៉ែនតាមិនប្រាកដថាមើលទៅគ្មានរស់និយម អត់ជាតិ ឬ មិនស្អាតនោះទេ។ សម្រាប់មិត្តយុវវ័យដែលរស់ដោយខ្វះវ៉ែនតាមិនបាននោះ មិនប្រាកដថាត្រូវបិទបាំងសម្រស់កែវភ្នែករបស់អ្នកស្ទើរតែមួយជិវិតនោះទេ។ ដូច្នេះដើម្បីកែប្រែខ្លួនឯងឲ្យកាន់តែស្រស់ស្អាត និងទាន់សម័យ ថ្ងៃនេះយើងនាំមកនូវគន្លឹះទាំង៧ដូចខាងក្រោមឲ្យលោកអ្នកអាចសាកល្បងចាប់ពីថ្ងៃនេះ៖
១. រក្សាទុក និង បណ្តុះរោមចិញ្ចើម
ជាការពិតណាស់ ការដែលទម្រង់ចិញ្ចើមស្រស់ស្អាត កោងគួរឲ្យទាក់ទាញនោះ គឺបានជួយលើកមុខរបស់អ្នកឲ្យមើលទៅលេចធ្លោ។ លោកអ្នកដែលមិនសូវមានរោមចិញ្ចើមក្រាស់ស្អាតនោះ អាចសាកល្បងគូរវាឲ្យមើលទៅមានទម្រង់តាមបែបធម្មជាតិ ដែលគូរដោយប្រើពណ៌មិនដិតពេក ឬ ខុសពីពណ៌សក់របស់អ្នកខ្លាំងពេកនោះទេ។
២. ប្រើប្រាស់ផលិតផលបិទបាំងស្នាម ឬ Concealer
មិត្តៗនារីគ្រប់គ្នាមិនត្រូវបំភ្លេចប្រភេទគ្រឿងសំអាងដ៏ពិសេសនេះនោះទេ ការលាបផលិតផលបិទបាំងស្នាមនឹងជួយឲ្យផ្ទៃមុខរបស់អ្នកមើលទៅម៉ត់ និង គ្មានស្នាមមុន ឬ ស្នាមផ្សេងៗ។ លោកអ្នកត្រូវលាបផលិតផលនេះក្រោមថ្នក់ភ្នែករបស់អ្នកដែលអ្នកពាក់វ៉ែនតាភាគច្រើនតែងមានស្នាមជំាខ្មៅ។
៣. ពត់រោមភ្នែក
ជាការពិតការពត់រោមភ្នែកឲ្យងរស្អាត និង ជួយឲ្យទម្រង់ភ្នែករបស់អ្នកប្រែប្រួល ឬមើលទៅប្លែក។ ក្រៅពីពត់រោមភ្នែក ស្ត្រីគ្រប់រូបមិនគួរមើលរំលងឡើយនូវផលិតផលម៉ាស្ការ៉ាដែលជួយឲ្យសម្រស់ភ្នែកដែលជាបង្អួចផ្លួវចិត្តរបស់មនុស្សគ្រប់គ្នាមានភាពទាក់ទាញបំផុត។
៤. លាបពណ៌ត្របកភ្នែក
សម្រាប់មិត្តនារីខ្លះមិននិយមការតែងខ្លួនឆើតឆាយនោះទេ ឬ អ្នកខ្លះយល់ថាការពាក់វ៉ែនតាមិនស៊ីទៅនឹងការផាត់មុខបែបក្រាស់ៗពេកនោះទេ។ ដូច្នេះស្រ្តីគ្រប់រូប អាចលេងពណ៌ត្របកភ្នែកពណ៌ស្រាលនិងភ្លឺ ឬអាចប្រើពណ៌ណាក៏បានដែលលោកអ្នកពេញចិត្ត។
៥. គូសត្រេភ្នែក
លោកអ្នកប្រាកដជាធ្លាប់បានលឺ ឬ ប្រើប្រាស់រួចមកហើយនូវផលិតផលសម្រាប់គូរត្រេភ្នែកដែលហៅថា Eyeliner។ ការគូស Eyelinerគឺនឹងបង្កើនសម្រស់និងទម្រង់ភ្នែកដែលបិទបាំងដោយកញ្ចក់វ៉ែនតារបស់អ្នកបានមួយចំណែកធំ។ ការគូសតូចឬធំគឺលោកអ្នកអាចសាកល្បងធ្វើតាមការចូលចិត្តរបស់អ្នក។
៦. លាបក្រែមពណ៌ដិត
លោកអ្នកអាចបង្កើនមន្តស្នេហ៌ផ្ទៃមុខដោយការលាបក្រែមដែលមានពណ៌ដិតបន្តិច។ ក៏ប៉ុន្តែត្រូវចងចាំថាការលាបក្រែមពណ៌ដិតនេះគួរធ្វើតែចំពោះអ្នកដែលប្រើស៊ុមវ៉ែនតាពណ៌ខ្មៅ និង ត្នោតប៉ុណ្ណោះ។
៧. ដូរម៉ូតសក់
ចង់មើលទៅលេចធ្លោរ ស្រ្តីគ្រប់រូបមិនគួរយកចិត្តទុកដាក់តែមួយផ្នែកនោះទេ។ ដោយឡែកការថែរក្សាសក់ និង លេងម៉ូតសក់ថ្មីក៏ជាមធ្យោបាយមួយលើកសម្រស់អ្នកមិនធម្មតាដែរ។
អត្ថបទដោយ៖ ជិន ស្រីលាភ
ប្រភពអត្ថបទ៖ amp.allw.mn
Post a Comment