ស្នេហាពេលដែលចាប់ផ្តើមដំបូង មិនខុសពីទឹកអំពៅដែលបឺតពេលដំបូងនោះទេ វាផ្អែមជាប់មាត់ ផឹកហើយចង់ផឹកទៀត តែពេលទុកវាចោលយូរទៅ ទឹកកកនឹងរលាយ ទឹកអំពៅដែលធ្លាប់តែផ្អែម ក៏ប្រែជាសាប។ អ្នកខ្លះសំណាងល្អ មានស្នេហាតែមិនធ្លាប់ខូចចិត្ត អ្នកខ្លះទៀត ខូចចិត្តឡើងរាប់មិនភ្លេច ចំណែកឯអ្នកខ្លះ ឈឺចាប់នឹងស្នេហាតែប៉ុន្មានដង ក៏ចាប់ផ្តើមមានអារម្មណ៍ថារាងចាល លែងទទួលយកស្នេហាថ្មីទៀត ព្រោះខ្លាចជួបតែរឿងឈឺចាប់ដដែលៗ។
តើមានវិធីសាស្រ្តអ្វីខ្លះ ជួយឲ្យអ្នកទាំងនោះអាចបើកចិត្តទទួលយកស្នេហាថ្មីបាន???
១. ប្រើរយៈពេលស្វែងយល់ឲ្យច្រើនជាងមុន
អ្នកធ្លាប់ខូចចិត្ត ធ្លាប់ឈឺចាប់នឹងរឿងស្នេហា អាចនឹងមកពីអ្នកមិនបានប្រើរយៈពេលយូរក្នុងការសិក្សាពីបុគ្គលម្នាក់នោះ។ ដូច្នេះ ប្រសិនបើអ្នកចង់បើកចិត្តទទួលយកស្នេហាថ្មីពីមនុស្សថ្មីបាន អ្នកត្រូវតែប្រើរយៈពេលសិក្សាពីគេឲ្យបានច្រើនជាងអ្វីដែលអ្នកធ្លាប់ធ្វើពីមុន។
២. ទទួលស្គាល់នូវភាពល្អរបស់អ្នកថ្មី
កុំយកទ្រឹស្តី “ត្រីមួយកន្រ្តក ស្អុយមួយ ស្អុយទាំងអស់” មកដាក់ក្នុងខ្លួន។ មនុស្សមិនដូចគ្នាទេ អ្នកមុនបានធ្វើឲ្យអ្នកឈឺចាប់ មិនប្រាកដថាអ្នកក្រោយគេនឹងធ្វើបែបនោះដាក់អ្នកដែរទេ។ អ្នកត្រូវបើកចិត្ត មើលឃើញនិងទទួលស្គាល់នូវចំណុចល្អរបស់គេ កុំឲ្យបទពិសោធន៍អតីតមកបិទបាំងភ្នែករបស់អ្នកឲ្យសោះ។
៣. បោះចោលរឿងអតីតកាល
កុំស្ពាយការចងចាំនាអតីតកាលជាប់ខ្លួនអី ព្រោះថាកាលណាអ្នកស្ពាយវាកាន់តែយូរ អ្នកនឹងមិនអាចដាក់វាចុះបានដោយងាយៗឡើយ។ រឿងអតីតកាលបានក្លាយជាការចងចាំរបស់អ្នកក៏ពិតមែន តែមិនមែនមានតែរឿងដែលទាក់ទងនឹងស្នេហាឯណាដែលអ្នកធ្លាប់ជួបប្រទះនោះ មានរឿងជាច្រើនទៀតដែលអ្នកគួរចងចាំជាជាងរឿងទាំងនោះ។
៤. កុំចាត់ទុកអ្នកថ្មីត្រឹមជាអ្នកជំនួស
កុំឲ្យសោះ ប្រសិនបើអ្នកគ្រាន់តែយកមនុស្សថ្មីម្នាក់ទៀតមកបំពេញនូវភាពខ្វះខាតក្នុងជីវិតរបស់ខ្លួន ដែលធ្លាប់តែមានអ្នកនៅក្បែរចាំកំដរនិងលួងលោមនោះ។ ការធ្វើបែបនេះ នឹងធ្វើឲ្យអ្នកមិនអាចស្គាល់ពីអ្វីដែលជាស្នេហាពិតបានឡើយ។
៥. សួរយោបល់ពីអ្នកដទៃ
អ្នកអាចលើកពីមនុស្សថ្មីម្នាក់នោះប្រាប់ទៅមិត្តភក្តិ ឬសាច់ញាតិដែលអ្នកទុកចិត្ត ដើម្បីទទួលយកនូវមតិយោបល់របស់ពួកគេ។ គំនិតមនុស្ស២នាក់ ក៏ប្រសើរជាងមនុស្សម្នាក់ដែរ។ អ្នកធ្លាប់ឆ្លងកាត់នូវស្នេហាមិនសមប្រកបកាលពីមុន អាចប្រហែលនឹងអ្នករឹងរូស មិនស្តាប់តាមការយល់ឃើញរបស់អ្នកដទៃ បណ្តោយឲ្យស្នេហាធ្វើឲ្យខ្វាក់ភ្នែកបាន។
អត្ថបទដោយ៖ សន ឆវីវតី
Post a Comment