លើលោកនេះគ្មាននរណាម្នាក់ដែលថាមិនចេះកុហកខ្លួនឯងនោះទេ ដែលពេលខ្លះប្រកែកទាំងខ្លួនកំពុងតែធ្វើវាដោយមិនដឹងខ្លួនថែមទៀត។ មានអ្នកមួយចំនួនចាត់ទុកវាជាទំលាប់ទូទៅដែលមិនអាចជៀសវាងបាន ហើយគិតថាគ្មាននរណាអាចឆ្លងផុតបាន ។ វាជាការពិតមនុស្សយើងមិនអាចសំរបទៅតាមកាលវិភាគដែលចែងទុកបានទាំងស្រុងទេ តែយើងគួរណាតែចេះសំរបបន្តិចម្តងៗព្រោះទំលាប់ខ្ជិលនេះអាចនឹងផ្តល់ផលអាក្រក់ច្រើនជាងការគិត។ ទំលាប់អ្វីក៏អាចប្តូរបានដែរ តែវាអាស្រ័យលើខ្លួនឯង ថាតើខ្លួនមានបំណងនឹងចង់ផ្លាស់ប្តូរឬអត់? អនុវត្តចំណុចទាំង៥ នេះអាចជួយតំរង់ផ្លូវដើម្បីកាត់បន្ថយទំលាប់នេះ ៖
Photo Credit: Chris Moss |
១. គិតភ្លាមធ្វើភ្លាម កំុទុកយូរ
"ចាំជិតដល់ថ្ងៃចាំធ្វើ" ជាអ្វីដែលមិនថាសិស្សឬនរណាទេ ប្រើសឹងតែរាល់ថ្ងៃ ដោយអោយមូលហេតុថាអត់មានអារម្មណ៍ គិតមិនចេញ នៅពេលដែលជិតដល់ថ្ងៃទើបផ្តោតអារម្មណ៍បាន ។ ឧទាហរណ៍ជាក់ស្តែងសំរាប់សិស្សទូទៅ អោយតែទុកសិនគឺសិនអោយ រហូតដល់ជិតដល់ពេលទើបចាប់ផ្តើម ហើយរអ៊ូថាធ្វើអត់ទាន់ ស្ត្រេស អត់បានដេកហើយឈឺ។ វិធីដែលអាចជៀសវាងបានគឺ គ្រប់ពេលដែលយើងគិតឃើញពីវាភ្លាម កត់ចំណាំភ្លាម ឬ ផ្តើមការងារដែលត្រូវធ្វើនោះបន្តិច ដើម្បីអោយខួរក្បាលចំណាំថានឹងត្រូវធ្វើអ្វី គួរធ្វើអ្វី ហើយមានគំនិតខ្លះលើការងារទាំងនោះ វានឹងនៅរំលឹកអ្នករហូត។
២. ចំណាយពេលខ្លះសំរាប់ការ ‘ដើរ’
យើងអាចគិតថាចំណាយពេលដើរ ១០ ទៅ១៥ នាទីដើរជាការចំនាយពេលឥតប្រយោជន៍ ប៉ុន្តែដែលចំណាំទេ ថាពេលដើរអ្នកគិតឃើញអ្វីខ្លះ? ពេលមនុស្សកំពុងដើរ ខួរក្បាលក៏ដើរដែរ ដែលវាធ្វើអោយយើងគិតពី រឿងផ្សេងៗជាពិសេសគឺរឿងជីវិតខ្លួនឯងថាមានការងារអ្វីខ្លះត្រូវបំពេញ ថ្ងៃនេះត្រូវធ្វើអ្វី ស្អែកត្រូវធ្វើអ្វី ។ នៅពេលដែររំលឹកឃើញពី រឿងទាំងនោះហើយ នឹងលែងចង់ខ្ជិលទៀតហើយ ។
៣. រកចំនុច ‘មូលហេតុដែលគួរធ្វើ’
ចំណាយពេលបន្តិចដើម្បីធ្វើការកត់ត្រានូវចំណុចមួយចំនួនដែលអាចជំរុញចិត្តបំពេញការងារក្នុងគ្រាដែលខ្ជិល។ ការងារអ្វីក៏នាំមកនូវគុណសម្បត្តិហើយយើងក៏ដឹងពីវាដែរ គ្រាន់តែភាគច្រើនយើងខ្ជិល ហើយបំភ្លេចចោល ប៉ុន្តែបើយើងអាចកត់ត្រាទុកនូវមូលហេតុសំខាន់ៗដែលគួរធ្វើវា ហើយទុកកន្លែងណាដែលអ្នកឃើញជាញឹកញាប់នោះ វានឹងជួយរំលឹកហើយធ្វើអោយយើងពិបាកនឹងគេចវេសទៀតផង ។
៤. បង្កើតរង្វាន់សំរាប់ខ្លួនឯង
ធ្វើគំរោងការសិក្សា និងការងាររហើយដាក់គំហិតខ្លួនឯងថា ទាល់តែបំពេញ ការងារនេះហើយទើបបានអីមួយ។ ដូចជាកាលនៅក្មេង ពេលប៉ាម៉ាក់សន្យាថាបើរៀនពូកែគាត់អោយរង្វាន់ម្តងៗ សុខចិត្តមិនមើលទូរទស្សន៍ហើយអង្គុយរៀនទាល់តែបានពិន្ទុល្អយករង្វាន់។
៥. អោយគេជួយដាស់តឿន
ពេលមានការងារច្រើនពេក អោយគេជួួយចាំខ្លះទៅ ហើយកំុខ្លាចគេធុញព្រោះគេឯងជួបបញ្ហាដូចតែយើងទេ ។ ជាពិសេសប្រាប់គ្រួសារ ម៉ាក់ ឬ បងប្អូនអោយជួយដាស់តឿន ជួយបង្កើនអារម្មណ៍ធ្វើការហើយពេលខ្លះគាត់តឿនច្រើនពេកក៏ជាការជំរុញមួយដែរ។ ប្រាប់មិត្តភ័ក្តព្រោះ ជួបមុខគ្នារាល់ថ្ងៃ គេនឹងអាចជួយរំលឹកយើង បើអ្នកខ្លះវិញរំលឹករហូតដល់ធុញពេក សុខចិត្តអង្គុយធ្វើទាល់តែហើយកំុអោយគេប្រាប់ទៀត។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
Post a Comment