អ្នកណាក៏ដូចអ្នកណាដែរ តែងបង្ខំចិត្តធ្វើខ្លួនជាមនុស្សថ្មីដើម្បីតំរូវចិត្តអ្នកដែលនៅជំុវិញខ្លួន និងសំរាប់ទៅតាមសង្គម ដែលតាមពិតទៅមិនមែនជាអ្វីដែលខ្លួនចង់បាននោះទេ។ ការបញ្ឆោតខ្លួនឯងសំដៅលើសកម្មភាពផ្សេងៗដែលបានបង្កើតឡើងដោយការកុហកខ្លួនឯង ដោយមិនដឹងខ្លូនថាកំពុងតែក្បត់ខ្លួនឯងផង។ជាធម្មតាមនុស្សយើងត្រូវមានការគិតពិចារណាជំនឿ និងគំនិតដែលចេញពី ខ្លួនឯងផ្ទាល់ តែផ្ទុយទៅវិញ មនុស្សមួយចំនួនធំជ្រើសរើសការភូតកុហកដើម្បីអោយគេមើលឃើញថាខ្លួនជាមនុស្សប្រសើរម្នាក់ងាយចុះសំរុងជាមួយអ្នកនៅក្នុងសង្គមក្នុងខណៈដែលខ្លួនមិនពេញចិត្តនឹងអ្វីដែលខ្លួនធ្វើនោះទេ។ យ៉ាងណាមិញ នោះគ្រាន់តែជាការបញ្ឆោតខ្លួនប៉ុណ្ណោះ ហើយទំនាក់ទំនងដែលអ្នករកបានដោយពិធី នោះនឹងពំុបានយូរអង្វែងនោះទេ ព្រោះថាសារជាតិពិតរបស់មនុស្សមិនអាចលាក់ទុកជារៀងរហូតនោះទេយើងត្រូវគិតថាមនុស្សម្នាក់មិនដូចគ្នាទេ ហើយពួកគេមានចំណុចល្អរៀងៗខ្លួន។
ហេតុអ្វីក៏មនុស្សមួយចំនួននៅតែប្រព្រឹត្តកំហុសដដែលបែបនេះ?
ចំពោះ អ្នកមួយចំនួនមិនអាចបែងចែកបាននូវអ្វីជាការពិត និងមិនពិតនោះទេ ពួកគេតែងកុហកដើម្បីធ្វើអោយខ្លួនមានអារម្មណ៍ល្អ និងទទួលបានការចូលចិត្តពីអ្នកដទៃ។ ពួកគេតែងចាត់ទុកថាអ្វី ដែលគេជឿជាក់ជាអ្វីដែលត្រូវ ប៉ុន្តែវាគ្រាន់តែជាការភាន់ច្រឡំ និងការបង្ខំខ្លួនឯងអោយទៅរកស្ថានភាពកាន់តែលំបាកប៉ុណ្ណោះ។ ជារួមការការកុហកខ្លួនឯងបែបនេះភាគច្រើនគឺបណ្តាលមកពីអ្នកមួយចំនួនមិនមានការជឿជាក់ក្នុងការប្រឈមការពិតរបស់ខ្លួន ហើយការកុហកអាចនេះធ្វើអោយខ្លួនរស់នៅក្នុងសេចក្តីសុខបានមួយគ្រា។
លទ្ធផលនៃការបព្ឆោតនិងកុហកខ្លួនឯង
ជាអកុសលការធ្វើបែបនេះកាន់តែធ្វើអោយអ្នកដែលជំុវិញខ្លួនយើង និងអ្នកដែលយើងស្រលាញ់ទទួលរងការឈឺចាប់ខ្លាំងជាងការដែលទទួលយកការពិតដែលអាក្រក់នោះទៅទៀត ពីព្រោះយើងត្រូវគិតថានៅពេលដែលនរណាម្នាក់ចូលចិត្តយើងដោយស្មោះនោះគឺ មិនដែលមើលឃើញតែចំនុចល្អរបស់យើងនោះទេ គេព្រមទទួលយកចំណុចអាក្រក់របស់យើងដែរ។ ទោះបីជាការកុហកនោះមិនសូវធ្ងន់ធ្ងរក្តី ប៉ុន្តែវាអាចក្លាយទៅជាទំលាប់ ដូច្នេះនៅពេលដែលអ្នកទាំងនោះរកឃើញថាយើងធ្លាប់កុហកហើយ ភាពជឿជាក់ដែលគេធ្លាប់មានមកលើយើងក៏ អស់ទៅ តាមនោះដែរ ហើយការផ្សះផ្សារក៏មិនអាចដូចដើម វិញដែរ។
ម្យ៉ាងវិញទៀត វានាំមកនូវវិប្បដិសារីដល់ខ្លួនវិញទេ ពីព្រោះការភូតកុហកដូចជារណ្តៅមួយដែលធ្វើអោយយើងវង្វែងនិងលង់ចូលជ្រៅទៅ ៗ ដែលមិនងាយនឹងភ្ញាក់ខ្លួនឡើយ។ អ្នកមួយចំនួនច្រើនប្រព្រឹត្តវាម្តងហើយម្តងទៀតរហូតដល់ដំណាក់ការដែលអ្នកនៅ ជំុវិញ ខ្លួនចាកចេញម្តងម្នាក់រហូតដល់តែអស់ទើបភ្ញាក់ខ្លួនហើយសោកស្តាយ ។ ការសោកស្តាយនោះមិនអាចស្តារឡើងវិញដូចដើមនោះទេ ដែលវាអាស្រ័យទៅលើទំហំទោស ដែលអ្នកបានប្រព្រឹត្ត ដូច្នេះមុននឹងសំរេចចិត្តថាធ្វើវាត្រូវដឹងថាយើងមិនអាចផ្លាស់ប្តូរផ្លូវដើរដែលអ្នកបានដើររួចមកហើយទេ។
វិធីក្នុងការរក្សាការស្មោះត្រង់នឹងខ្លួនឯង
កំណត់អត្តសញ្ញាណ គោលដៅជីវិត តម្លៃនិងគោលបំណងរបស់ខ្លួន
ដំបូងកំណត់គោលដៅតូចៗ របស់អ្នកដែលជាផ្លួវសំរាប់នាំអ្នកទៅ កាន់គោលបំណងធំ ក្នុងជីវិត ។
ត្រូវយល់ដឹងពីការពិភាក្សាផ្ទាល់ខ្លួន
វាយតំលៃគំនិតរបស់អ្នក មុនពេលចាប់ផ្តើមថ្ងៃថ្មី ។ ត្រូវគិតដោយខ្លួនឯងថាវាជាអ្វីដែលខុស ឬត្រូវ និងមិនគួររិះ គន់លើគំនិតខ្លួនឯងនោះទេ ។
ទុកពេលសំរាប់ការខ្លួន
វាអាចជាលំហាត់ដែលអាចអោយខ្លួនអ្នកសំរាកពី ការនឿយហត់ហើយឯាកមករកអ្វីដែលខ្លួនចូលចិត្តហើយជាជំនួយខាងសុខភាពផ្លូវចិត្តផងដែរ
ត្រូវស្វែងរកជំនួយនៅពេលគិតថាខ្លួនមិនអាចដោះស្រាយអ្វី មួយបាន
អាចសួរពីអ្នកដទៃ ឬ ស្វែងរកលើគេហទំព័រអីុនធើណេត ទៅលើការពិភាក្សាផ្សេងៗដែលអ្នកគិតថាអ្នកដទៃអាចផ្តល់ចំលើយផ្សេងៗ ដែលខ្លួនឯងផ្ទាល់មិនអាចដោះស្រាយបាន ។ ហើយវាមិនមែនជារឿងដែលខ្មាស់គេនោះទេបើគ្រាន់តែត្រូវការជំនួយនោះ។
អត្ថបទដោយ ៖ ហ៊ុន កែវលីដែត