គ្មានគូស្នេហ៍ណាសុខៗចង់ឈ្លោះគ្នាទេ ហើយក៏គ្មានគូស្នេហ៍ណាអាចចុះសម្រុងគ្នាគ្រប់ពេលដែរ។ ការឈ្លោះប្រកែក ស្រែកគំហក យកឈ្នះរៀងខ្លួន កើតឡើងព្រោះតែការមិនចេះអត់ធ្មត់។ ពាក្យចាស់ពោលថា ចានក្នុងរាវគង់តែប៉ះគ្នាទេ ដូច្នេះ ត្រូវចាំថា ស្រលាញ់គ្នាស្ទើរលេបប៉ុណ្ណាក៏ដោយ បើមិនចេះអត់អោន និង អត់ធ្មត់ទេ ស្នេហាក៏មិនអាចគង់វង្សបានដែរ។
កុំចង់យកឈ្នះមនុស្សដែលខ្លួនស្រលាញ់ កុំចង់ក្លាយខ្លួនជាអ្នកត្រូវគ្រប់ពេល ត្រឡប់ទៅគិតរឿងពីមុន ពេលដំបូងដែលស្រលាញ់គ្នា សន្យាអ្វីខ្លះជាមួយគ្នា សាងអ្វីខ្លះមកជាមួយគ្នា មកទល់ពេលនេះមានអនុស្សាវរីយ៍ច្រើនប៉ុណ្ណា។ ដូច្នេះ កុំព្រោះតែការខឹងមួយឆាវ បំផ្លាញទឹកចិត្តគ្នាទៅវិញទៅមក ដែលនឹងធ្វើឲ្យគ្រប់យ៉ាងខុសប្លែកពីមុន។ កុុំគិតថា ស្រលាញ់គ្នាទាល់តែឈ្លោះគ្នាខ្លះបានស្រលាញ់គ្នាខ្លាំង ទ្រឹស្តីនេះវាមិនមែនចេះតែត្រូវចំពោះមនុស្សគ្រប់តែគ្នានោះទេ។ ត្រូវគិតថា ដែកគោលដែលធ្លាប់ដំចូលទៅក្នុងឈើហើយ ពេលដកមកវិញ ច្បាស់ជាមានប្រហោង កែវដែលធ្លាក់បែកហើយ ពេលយកមកផ្គុំ ឬបិទឡើងវិញ ច្បាស់ជាមានស្នាមប្រេះ។ កុំចាំដល់ពេលមួយដែលស្នាមប្រេះបិទលែងជាប់ ហើយស្រវេស្រវាយកកាវវិទ្យាសាស្រ្ត ឬស្កុតមកបិទសាជាថ្មីអី ព្រោះទោះជាបិទបាន ក៏ប្រើលែងបានដែរ។ មិនខុសគ្នាអីពីស្នេហាដែរ បើប្រេះស្រាំដល់ដំណាក់កាលមួយដែលស្រោចស្រង់លែងរួចហើយ នោះគឺត្រូវទទួលស្គាល់ទៅថា ស្នេហារបស់អ្នកទាំងពីរដែលមានឲ្យគ្នាមិនទាន់គ្រប់គ្រាន់នោះទេ។
សូមឲ្យគូស្នេហ៍ដែលកំពុងឈ្លោះ ឬអន់ចិត្តនឹងគ្នាទាំងឡាយ ត្រឡប់ទៅគិតសារឡើងវិញថា តើចាំបាច់ទេដែលត្រូវនាំគ្នាវាយបំបែកជញ្ជាំងដែលអ្នកទាំងពីរខំហត់នឿយសាងមកយ៉ាងរឹងមាំ ឲ្យប្រេះម្តងបន្តិចៗនោះ???
Post a Comment