ស្នេហាងាយស្រួលនឹងបង្កើត តែការថែរក្សាឲ្យគង់វង្សទើបជារឿងមួយដែលពិបាក។ ការទុកចិត្តគ្នា គឺជាកត្តាសំខាន់បំផុតដែលជួយពង្រឹងចំណងស្នេហាឲ្យនៅតែរឹងមាំ។ បើខ្វះការទុកចិត្តគ្នាហើយ ជឿទៅថា ប្រាកដជាតែងតែមានអារម្មណ៍មិនស្រណុកចិត្តពេលនៅឆ្ងាយគ្នា ព្រោះតែគិតថា គេអាចធ្វើនេះធ្វើនោះ លាក់បាំងអ្វីខ្លះ ឬមិនអញ្ចឹងក៏កើតការចោទប្រកាន់ទាំងខុសទំនងក៏មានដែរ។ អញ្ចឹងសួរថា បើស្រលាញ់គ្នាតែមិនទុកចិត្តគ្នា បែកគ្នាប្រសើរជាងឬមួយយ៉ាងណា???
(រូបភាពដោយ: Brasilpost) |
ចម្លើយគឺស្ថិតនៅលើខ្លួនអ្នកផ្ទាល់ គ្មាននរណាម្នាក់អាចចង្អុលបង្ហាញប្រាប់បានទេថា ត្រូវបែកឬមិនបែក។ មានតែខ្លួនឯងប៉ុណ្ណោះដែលដឹងច្បាស់អំពីចិត្តរបស់ខ្លួនឯង ព្រោះអ្នកដែលសម្រេចចិត្តសាងស្នេហានេះឡើងមក គឺជាបុគ្គលខ្លួនអ្នកផ្ទាល់។ បាត់បង់ទំនុកចិត្តលើអ្នកដែលខ្លួនស្រលាញ់ ជាបញ្ហាមួយដែលត្រូវយកមកគិត ហើយត្រូវយកមកសួរខ្លួនឯងថា តើជាកំហុសរបស់អ្នកណា? ជាកំហុសរបស់ខាងស្រីដែលសង្ស័យ គិតច្រើន បង្កើតនូវអារម្មណ៍មិនទុកចិត្ត ឬព្រោះតែខាងប្រុសបញ្ចេញអាកប្បកិរិយា ឬពាក្យសម្តីដែលមិនដូចពីមុន ឬអាចនិយាយបានថា ចាប់ផ្តើមសោះអង្គើយ ព្រោះអស់ចិត្ត។
ដូច្នេះ ចម្លើយដែលឆ្លើយថា គួរបែកគ្នាឬយ៉ាងណានោះ អ្នកប្រាកដជាដឹងច្បាស់ជាងនរណាៗទាំងអស់។ បើសិនជាអ្នកនៅដូចដើម ស្រលាញ់មនុស្សម្នាក់នោះដូចដើម តែការបាត់បង់ទំនុកចិត្ត ព្រោះតែគេសោះអង្គើយ គេបញ្ចេញឬកពារធុញទ្រាន់ និយាយឲ្យខ្លីគឺ គេចាប់ផ្តើមអស់ចិត្តនោះ មិនចាំបាច់សាំញ៉ាំច្រើនទេ បែកគ្នាចុះ! គ្មានអ្វីប្រសើរជាងនេះទេ ជឿទៅ។ យ៉ាងណាក៏ដោយ ការបែកគ្នាមិនមែនធ្វើឡើងភ្លាមៗ ទាំងកម្រោលៗនោះទេ។ អ្នកទាំងពីរត្រូវតែអង្គុយចុះ និយាយគ្នាសិន រកដំណោះស្រាយស្រោចស្រង់ស្នេហាឡើងវិញ។ ប្រសិនបើគេមិនបង្ហាញនូវការតាំងចិត្តស្រោចស្រង់ ប៉ះប៉ូវគ្រប់យ៉ាងទេ ប្រែមកច្បាស់ហើយថា ស្នេហារបស់អ្នកទាំងពីរមិនយូរមិនឆាប់ មានតែផ្លូវចុងក្រោយមួយហ្នឹងគត់ គឺបែកគ្នា។
ជម្រើសទីពីរ ដែលមិនគួរបែកគ្នានោះគឺ ការមិនទុកចិត្តមិនមែនកើតឡើងព្រោះភាគីម្ខាងទៀតទេ តែកើតចេញពីខ្លួនឯងផ្ទាល់ ព្រោះតែខ្លួនឯងគិតច្រើន ស្មានផ្តេសផ្តាស់ កើតរោគសង្ស័យ គេធ្វើអីក៏ថាគេកុហក លាក់បាំង បោកប្រាស់ គ្មានការទុកចិត្ត។ ត្រូវគិតថា ពេលដែលអ្នកចាប់ដៃជាមួយនឹងមនុស្សម្នាក់នោះ បង្កើតស្នេហានេះឡើង អ្នកបានព្រមគ្រប់ចំណុចដែលគេមាន ព្រមទទួលនូវគេដែលជាគេ ដូច្នេះកុំព្រោះតែកំហុសឆ្គងរបស់ខ្លួនឯង ហើយក៏បញ្ចប់ស្នេហាដែលសាងមកជាយូរនិងយ៉ាងលំបាកនេះអី។
ត្រូវចាំថា លើលោកនេះ ស្នេហាដែលល្អឥតខ្ចោះ គឺមិនមាននោះទេ! កុំឃើញមិត្តភក្តិអ្នកបង្ហោះរូបផ្អែមល្ហែមជាមួយសង្សារក្នុងហ្វេសប៊ុក ហើយគិតថាគេមានសុភមង្គលជាងអ្នកឲ្យសោះនោះ ព្រោះភ្លើងទៀនក្នុងផ្ទះអ្នកណាគឺភ្លឺផ្ទះអ្នកហ្នឹងហើយ។ សុភមង្គលគឺមនុស្សជាអ្នកបង្កើតឡើង ដូច្នេះកុំបែកគ្នាអី ប្រសិនបើអ្នកទាំងពីរនៅតែស្រលាញ់គ្នា ហើយគ្រាន់តែខ្វះនូវការទុកចិត្ត ព្រោះតែមិនទាន់បានព្យាយាមឲ្យអស់ពីលទ្ធភាពប៉ុណ្ណោះឯង៕
អត្ថបទដោយ៖ សន ឆវីវតី
Post a Comment