Photo credit: tinybuddha |
ការទាក់ទងគ្នារយៈពេលយូរឆ្នាំ ជារូបភាពមួយដែលមើលទៅធ្វើឲ្យអ្នកក្រៅច្រើនតែគិតថា អ្នកទាំងពីរនោះច្បាស់ជាស្រលាញ់គ្នាខ្លាំងណាស់ហើយ។ ផ្ទុយទៅវិញ ការពិតទៅ មានរឿងមួយចំនួនដែលអ្នកក្រៅមិនបានដឹង នោះគឺគូស្នេហ៍ខ្លះ ទាក់ទងគ្នាកាន់តែយូរឆ្នាំ ភាពរ៉ូមេនទិចក៏កាន់តែបាត់បង់ ធ្វើឲ្យពេលខ្លះម្ខាងៗមិនដែលមានអារម្មណ៍រំភើបដូចពីដំបូងដែលទាក់ទងគ្នា។ ហេតុអីបានជាភាពរ៉ូមេនទិចបាត់បង់? ហើយតើនេះជាសញ្ញាណមួយបង្ហាញថាអ្នកទាំងពីរនោះត្រូវចែកផ្លូវគ្នាឬ???
អ្នកខ្លះស្រលាញ់គ្នាតាំងពីរៀននៅវិទ្យាល័យ ដល់រៀនមហាវិទ្យាល័យចប់ រហូតពេលខ្លះពួកម៉ាកដើរជួបសួរថា “អីគេ នៅទាក់ទងគ្នាទៀត?”។ ការស្រលាញ់គ្នារយៈពេលយូរឆ្នាំ វាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះអ្នកណាក៏ដឹងដែរថា មនុស្សតែងតែផ្លាស់ប្តូរជានិច្ច ដូច្នេះការដែលមនុស្សពីរនាក់អាចតស៊ូជាមួយគ្នា រក្សាចំណងស្នេហ៍ពីមួយថ្ងៃទៅមួយថ្ងៃបានដល់ទៅរាប់ឆ្នាំ ជារឿងដែលមនុស្សភាគតិចណាស់អាចធ្វើបាន។ ទោះជាយ៉ាងនេះក្តី ការស្រលាញ់គ្នារយៈពេលយូរ មិនមែនសុទ្ធតែមើលទៅគួរឲ្យច្រណែន និង មានក្តីសុខគ្រប់គ្នានោះទេ។
គូស្នេហ៍ភាគច្រើន បានបាត់បង់ភាពរ៉ូមេនទិចដែលធ្លាប់មានម្តងបន្តិចៗដោយមិនដឹងខ្លួន ព្រោះតែងតែគិតថា មិនអីទេៗ រហូតដល់ពេលមួយ ក្រលេកត្រលប់មកកាលទាក់ទងគ្នាពីដំបូងវិញផ្ទុយគ្នាដូចមេឃនិងដី។ មនុស្សស្រីភាគច្រើនតែងតែមានអារម្មណ៍ថាតូចចិត្ត និងខ្វះភាពកក់ក្តៅ ព្រោះតែលែងបានទទួលភាពរ៉ូមេនទិចពីគូស្នេហ៍ដូចពីដំបូង។ នាងចង់ឲ្យមនុស្សប្រុសម្នាក់នោះ និយាយថាស្រលាញ់នាង និយាយថានឹកនាង និយាយថាចង់ជួបនាង និង និយាយថានាងជាអ្វីគ្រប់យ៉ាងរបស់គេ ជូនកាដូឲ្យនាងរាល់ថ្ងៃពិសេសៗ ដូចកាលពេលដំបូងៗដែលចាប់ផ្តើមទាក់ទងគ្នា។
គូស្នេហ៍ខ្លះ ព្រោះតែបាត់បង់អារម្មណ៍រ៉ូមេនទិច អាចនឹងឈានដល់ដំណាក់កាលចែកផ្លូវគ្នា ព្រោះគិតថា ប្រហែលជាស្នេហាមួយនេះបន្តទៅមុខលែងរួចហើយ។ ការពិតទៅ ការបាត់បង់ភាពរ៉ូមេនទិច អាចនឹងមិនមែនជារឿងមួយដែលត្រូវតែចាំបាច់ចែកផ្លូវគ្នាទេ។ សាកគិតត្រឡប់ទៅវិញមើល៍ គិតត្រលប់ទៅពេលដែលចាប់ផ្តើមស្រលាញ់គ្នាដំបូងរហូតមកទល់ពេលនេះ មានអនុស្សាវរីយ៍ច្រើនប៉ុណ្ណាជាមួយគ្នា ស្រលាញ់គ្នាខ្លាំងប៉ុណ្ណា អត់ធ្មត់និងអត់អោនឲ្យគ្នាបានច្រើនប៉ុណ្ណា ឈ្លោះគ្នាខ្លាំងយ៉ាងណាក៏មិនធ្លាប់គិតថាបែកគ្នាដែរ អញ្ចឹងហើយគិតឬថាការចែកផ្លូវគ្នាជាដំណោះស្រាយមួយដ៏ល្អ???
ការបង្កើតស្នេហាវាជារឿងងាយស្រួល ប៉ុន្តែការថែរក្សាស្នេហាទើបជារឿងមួយដែលពិបាក។ ដូច្នេះសូមកុំឲ្យទឹកចិត្តដែលខំសន្សំក្នុងការថែរក្សាស្នេហារាប់ឆ្នាំមកនេះ រលាយបាត់ទៅព្រោះតែអារម្មណ៍ខឹងមួយឆាវឲ្យសោះ។ វាជាការប្រសើរ ប្រសិនបើអ្នកទាំងពីរអាចអង្គុយចុះនិយាយគ្នា ហើយប្រាប់គ្នាថាចង់បានអ្វី និងគួរធ្វើអ្វី ហើយត្រូវចាំថា មិនមែនទាល់តែមានភាពរ៉ូមេនទិច ទើបមានន័យថាគេស្រលាញ់យើងនោះទេ៕
អត្ថបទដោយ៖ សន ឆវីវតី
Post a Comment