“ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ” ពេលស្រលាញ់ធ្វើអ្វីក៏ត្រូវ តែពេលអស់ចិត្ត មិនថាខំប្រឹងយកចិត្តទុកដាក់នឹងគេប៉ុណ្ណាទេ ទង្វើរបស់យើងវាគ្មានតម្លៃសម្រាប់គេទៀតឡើយ។ ឃាត់អ្វីឃាត់បាន តែការឃាត់ចិត្តមនុស្សនេះ គឺជារឿងមួយដែលធ្វើឲ្យខ្លួនឯងឈឺចាប់ជាទីបំផុត។ យើងមិនបានខុសទេ យើងមិនបានក្បត់គេ យើងមិនបានប្រែប្រួល ប៉ុន្តែពេលដែលគេអស់ចិត្តហើយ មិនថាយើងនេះល្អដូចព្រះ ក៏គ្រប់យ៉ាងក្លាយជារឿងដែលទើសចិត្តគេទាំងអស់។
|
Photo credit: Secretofagoodgirl
ជារឿងធម្មតាទៅហើយដែលមនុស្សតែងតែមានការផ្លាស់ប្តូរ ព្រោះតែពេលវេលាដើរទៅមុខ អ្វីថ្មីៗក៏ចូលមកក្នុងជីវិត ប៉ុន្តែសម្រាប់ទំនាក់ទំនងស្នេហា រាល់ពេលដែលភាគីម្ខាងមានការផ្លាស់ប្តូរ ភាគីម្ខាងទៀតច្បាស់ជាត្រូវរងការឈឺចាប់យ៉ាងពិតប្រាកដ។ វាអាចនឹងថាជារឿងដែលនឹកស្មានមិនដល់មួយ ពេលដែលយើងក្រលេកទៅមើលអនុស្សាវរីយ៍ចាស់ៗ ដែលមនុស្សដដែលនេះធ្វើដាក់យើង គេធ្លាប់បារម្ភពីយើង គេធ្លាប់យកចិត្តទុកដាក់នឹងយើង គេធ្លាប់និយាយថាស្រលាញ់យើងតែម្នាក់និងរហូតទៅ គេធ្លាប់និយាយថាយើងជាដង្ហើមនិងជាគ្រប់យ៉ាងរបស់គេ គេធ្លាប់និយាយថា មិនថាមានរឿងអ្វីនោះទេ គេប្រាកដជានៅក្បែរយើងជានិច្ច។ ប៉ុន្តែអ្នកណាទៅដឹង ពេលវេលាដើរទៅមុខ ចិត្តមនុស្សក៏ប្រួលប្រែ ហើយការប្រួលប្រែរបស់គេនេះ ច្បាស់ណាស់ហើយថា យើងទទួលយកមិនបានទេ។
យើងនៅតែឆ្កួត យើងនៅតែលួចសង្ឃឹមថា គេនឹងត្រលប់មកដូចដើម ទាំងការពិត កាយវិការនិងពាក្យសម្តីរបស់គេបង្ហាញឲ្យឃើញច្បាស់ហើយថា គេអស់ចិត្ត។ ការអស់ចិត្តនេះ វាខ្លាំងជាងការដែលឈ្លោះគ្នាទៅទៀត ព្រោះយើងនិងគេមិនបានសូម្បីតែប្រកែកគ្នា យើងមិនបានខឹងគេ យើងមិនបានស្តីថាឲ្យគេ ឬអាក់អន់ចិត្តនឹងគេដោយរឿងណាមួយទេ ប៉ុន្តែគឺគេ គ្រប់យ៉ាងគឺគេម្នាក់គត់ គេជាអ្នកចូលមកក្នុងជីវិតរបស់យើង ធ្វើឲ្យក្លាយជាចំណែកមួយនៃជីវិតរបស់យើង។ ចុងក្រោយ មនុស្សដដែលនេះ ក៏ចេញពីជីវិតយើងដោយបន្សល់នូវស្នាមរបួស ដែលមិនមែនមួយថ្ងៃពីរថ្ងៃអាចជាបានឡើយ។
ពាក្យ “អស់ចិត្ត” ពីរម៉ាត់នេះ អ្នកដែលបានស្តាប់ ប្រាកដជាយល់ថា អារម្មណ៍ពេលហ្នឹងវាយ៉ាងណា វាហាក់ដូចជាស្រមោលខ្មៅ ដែលតាមលងបន្លាចយើងពីក្រោយខ្នងមិនឈប់ ព្រោះគ្រប់យ៉ាងកើតឡើងដោយយើងមិនបានគិតថា នឹងកើតឡើងទាល់តែសោះ៕
អត្ថបទដោយ៖ សន ឆវីវតី |
Post a Comment