ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅកណ្ដាលប្រទេស អ៊ីតាលីកាលពីខែមុនបានកើនដល់ចំនួន ២៩៧នាក់ហើយបន្ទាប់ពីជនរងគ្រោះ ២នាក់ទៀតបានស្លាប់។ នេះបើយោងតាមរបាយការណ៍របស់ សេវាការពារជនស៊ីវិល អ៊ីតាលី។
ក្នុងចំណោមអ្នកស្លាប់ទាំងអស់នេះ មនុស្សចំនួន ២៣០អ្នកបានស្លាប់ក្នុងតំបន់ Amatrice ហើយមនុស្ស ៥០នាក់ស្លាប់ក្នុងតំបន់ Arquata del Tronto និងមនុស្សមួយចំនួនទៀតបានស្លាប់ក្នុងតំបន់ Accumoli។
ក្រៅពីធ្វើឲ្យមនុស្សជាច្រើនបានស្លាប់នោះ គ្រោះរញ្ជួយដីនេះក៏បានធ្វើឲ្យប្រជាជនជាច្រើនបាត់បង់ទីជម្រកផងដែរ ដោយក្នុងនោះមនុស្សប្រមាណជា ៤០០០នាក់នៅតែបន្តស្នាក់នៅក្នុងទីជម្រកបណ្ដុះអាសន្ននៅឡើយ។ ជុំវិញបញ្ហានេះ អាជ្ញាធរក៏សង្ឃឹមថានឹងអាចស្វែងរកទីកន្លែងស្នាក់នៅត្រឹមត្រូវឲ្យប្រជាជនទាំងនោះបានផងដែរ ជាពិសេសដោះស្រាយឲ្យបានមុនការមកដល់នូវអាកាសធាតុដែលមិនល្អ។
គួរបញ្ជាក់ប្រាប់ថាគ្រោះរញ្ជួយដីដែលបានសម្លាប់មនុស្សជាច្រើននៅប្រទេស អ៊ីតាលីនេះ បានកើតឡើងតាំងពីថ្ងៃទី ២៤ខែសីហាមកម៉្លេះ ដោយវាកម្រិតរហូតដល់ ៦.២ រ៉ិចទ័រ។
Post a Comment